(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក និងប៉ុស្ដិ៍ឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតវត្ថុតាងមួយចំនួន ក្នុង៣ករណីផ្សេងគ្នា ពាក់ព័ន្ធជួញដូរ រក្សាទុក និងចាត់ចែងឲ្យប្រើប្រាស់ថ្នាំញៀន។
អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការតាមបង្ក្រាបឃាត់ខ្លួនពួកគេទាំង៥នាក់នេះដែរ បានធ្វើឡើងតាំងពីម៉ោងជាង១២រសៀល រហូតដល់យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ក្នុងក្រុមទី៧ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ នៅត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោកបន្ថែមថា នៅក្នុងប្រតិបត្តិការស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីបង្ក្រាប បង្កាទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុង៣ករណីផ្សេងគ្នានេះ កម្លាំងសមត្ថកិច្ចបានរកឃើញ ថ្នាំញៀន ចំនួន៣កញ្ចប់ និងឃាត់ខ្លួនពួកគេទាំង៥នាក់ ពិតជាមានការពាក់ព័ន្ធសកម្មភាពជួញដូរ រក្សាទុក និងចាត់ចែងឲ្យការប្រើប្រាស់ថ្នាំញៀន ដើម្បីបញ្ជូនមកសាកសួរបន្ថែម នៅអធិការដ្ឋានខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។
លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានរកឃើញជាក់ស្ដែងពាក់ព័ន្ធជួញដូរ រក្សាទុក និងចាត់ចែងឲ្យប្រើប្រាស់ថ្នាំញៀនរួមមាន ទី១៖ឈ្មោះ ប្រាក់ សច្ចះ ភេទប្រុស អាយុ៣៤ឆ្នាំ , ទី២៖ឈ្មោះ ជ្រិន វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ , ទី៣៖ឈ្មោះ ង៉ុន ផែន ភេទប្រុស អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ ភាព គឹមហុង ភេទប្រុស អាយុ២០ឆ្នាំ និងទី៥៖ឈ្មោះ ហាក់ ហ៊ុច ភេទប្រុស អាយុ២៩ឆ្នាំ៕