(ព្រះសីហនុ)៖ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ នៅបុរី BS និងពលរដ្ឋភាគច្រើន ដែលមានលំនៅឋាននៅជាប់ក្រុមហ៊ុនខាងលើ បានរអ៊ូរទាំចំពោះទង្វើ របស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍នេះថា បានបង្កសំឡេងរំខានដល់ការរស់របស់ពួកគាត់ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះក្រុមហ៊ុន បានបង្ហៀរទឹកកាកសំណល់ស៊ីម៉ង់ត៍ ចេញពីក្រុមហ៊ុនមកលើផ្លូវសាធារណៈ នាំឲ្យខូចផ្លូវពិបាកធ្វើដំណើរឆ្លងកាត់ និងមានពេលខ្លះ បានបណ្តាលឲ្យមធ្យោបាយយានយន្ត មួយចំនួនដួល និងក្រឡាប់ផងដែរ។
កង្វល់ខាងលើនេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ នៅបុរី BS បានសំណូមពរដល់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យជួយបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យ និងឈានទៅទប់ស្កាត់សកម្មភាពមិនប្រក្រតី របស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍មួយកន្លែង ដែលបានបង្ហូរកាកសំណល់ផ្សេងៗ ជាពិសេសទឹកស៊ីម៉ងត៍ ចេញពីក្រុមហ៊ុនមកលើផ្លូវសាធារណៈ បង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង និងប៉ះពាល់ដល់អ្នកដំណើរ ព្រមទាំងបានប៉ះពាល់ដល់បរិស្ថាន ក្រុងទេសចរណ៍មួយនេះធ្ងន់ធ្ងរថែមទៀតផង។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ជាពិសេសលោកអភិបាលក្រុងព្រះសីហនុ និងលោកអភិបាលខេត្តព្រះសីហនុ ស្នើឲ្យជួយអន្តរាគមន៍ ដោះស្រាយបញ្ហាមិនប្រក្រតី ដែលត្រូវក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍នេះបង្កើតឡើង ត្រូវដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងឲ្យមានប្រសិទ្ធភាព។
ជាបន្តបន្ទាប់មកនេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវសាធារណៈមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ នៅបុរីប៊ីអេស BS បានចោទក្រុមហ៊ុននេះថា បានធ្វើសកម្មភាពរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋមាន លំនៅឋានក្បែរតំបន់នោះ ជាពិសេសអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ គឺបង្កឲ្យមានផលវិបាកក្នុងការបើកបរ ព្រោះផ្លូវខូច និងមានទឹកស៊ីម៉ង់ត៍ ដល់នៅលើផ្លូវនាំឲ្យខ្ទាតប្រឡាក់យានជំនិះ និងស្ថានភាពផ្លូវរអិលជាដើម។
ក្រុមប្រជាពលរដ្ឋ បានអះអាងថា សកម្មភាពរបស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ខាងលើនេះ គឺបានកើតមានជាយូរមកហើយ ប៉ុន្តែអាជ្ញាធរក្រុង-ខេត្តព្រះសីហនុ ហាក់មិនទាន់មានចំណាត់ការក្តៅ ចុះទប់ស្កាត់ ឬក៏ចុះណែនាំដល់ម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ខាងលើនេះ ឲ្យអនុវត្តការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពនោះទេ។
យ៉ាងណាក៏ដោយចុះភ្នាក់ងារ Fresh News នៅមិនទាន់មានប្រភពទាក់ទង ប្រធានក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ មានទីតាំងនៅបុរី BS ដែលប្រពលរដ្ឋរស់នៅក្រុងព្រះសីហនុ ចោទប្រកាន់ ដើម្បីស្នើការបំភ្លឺនៅឡើយទេ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
ចំណែកមន្ត្រីរដ្ឋបាលក្រុង និងរដ្ឋបាលខេត្តព្រះសីហនុ ក៏មិនទាន់មានអត្ថាធិប្បាយ ឬមិនទាន់មានចេញសេចក្តីបំភ្លឺជាលាយល័ក្ខណ៍អក្សណាមួយ ដើម្បីជម្រាបជូនប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ឬមហាជន ឲ្យបានដឹងជាសាធារណៈនៅឡើយដែរ គិតត្រឹមរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
យ៉ាងនេះក្តីគេសង្កេតឃើញថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ឃើញមានគ្រឿងចក្រជាច្រើនគ្រឿង បានដាក់មកឈូសឆាយ ដើម្បីពង្រាបផ្លូវកៅស៊ូ ដែលរងការខូចខាតនៅពីមុខក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ត៍ មានទីតាំងនៅបុរី BS ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុនេះជាបណ្តើរៗហើយ៕