(ភ្នំពេញ)៖ ក្រោយជួយសង្គ្រោះជាបន្តបន្ទាប់ចំពោះប្រជាពលរដ្ឋក្រីក្រ រស់នៅសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ រួចមកហើយនោះ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ បានងាកត្រឡប់មកជួយសង្គ្រោះប្រជាពលរដ្ឋមានជំងឺងាយរងគ្រោះ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ វិញម្ដង ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ តាមរយៈលោកស្រី អាន ផល្លា ជា ពិសី និងសហការី នៃអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ, ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់ នាពេលកំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះ លោកស្រី អាន ផល្លា បានលើកឡើងពីការមើលឃើញជាក់ស្ដែង រាល់ការលំបាកខ្វះខាតនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទៅ លោកស្រីក៏បាន នាំយកថវិកាផ្ទាល់របស់ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងគ្រឿងបរិភោគ មានជាអង្ករអំណោយរបស់កាកបាទក្រហមកម្ពុជាខណ្ឌ ដែលមានការដឹកនាំចង្អុលបង្ហាញចំគោលដៅ ពីការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺត្រូវឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់លើប្រជាពលរដ្ឋក្រីក្រ ចាស់ជរាជួបការខ្វះខាតផ្សេងៗ ឬគ្មានទីពឹងជាដើម ពោល ជនងាយរងគ្រោះ ដាច់ខាតមិនត្រូវមើលរំលងបានឡើយ។
លោកស្រី អាន ផល្លា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកនានា ក្នុងការថែទាំសុខភាពឲ្យបានល្អ ដោយក្នុងនោះ ត្រូវរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
លោកស្រី អាន ផល្លា បានថ្លែងថា ចំពោះអំណោយ ដែលបាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ ថ្វីត្បិតមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាការចែករំលែក របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏ដូចជាទឹកចិត្តសប្បុរសធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១-២២-២៥-២៦ ខែមីនា ឆ្នាំ២០១៩ថ្មីៗនេះ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ អមដំណើរដោយលោក-លោកស្រី ជាសហការី បានបន្តនាំយកគ្រឿង ឧបភោគបរិភោគ និងថវិកា របស់អនុសាខាខណ្ឌ ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង រស់នៅសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះ២ និងសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ៕