Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការប្រែប្រួលអាកាសធាតុមិនមែនកើតឡើងតែលើ បញ្ហាបាត់បង់ព្រៃឈើតែមួយមុខនោះទេ (Video inside)

27-03-2019 15:02

(ភ្នំពេញ)៖ ខណៈដែលមានមតិមួយចំនួន តែងតែលើកឡើងថា ការបាត់បង់ព្រៃឈើ ទើបបណ្ដាលឲ្យមានការប្រែប្រួលអាកាសធាតុនោះ លោក នេត្រ ភ័ក្រ្ដា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឆ្លើយតបទៅវិញថា ការប្រែប្រួលអាកាសធាតុ មិនមែនកើតឡើងតែលើបញ្ហាបាត់បង់ព្រៃឈើតែមួយមុខនោះទេ គឺវាក៏កើតឡើងដោយសារតែកត្ដាធម្មជាតិផងដែរ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ផលប៉ះពាល់បម្រែបម្រួលអាកាសធាតុនារដូវក្ដៅ និងការឆ្លើយតបទប់ស្កាត់ ក្នុងកិច្ចថែរក្សាសុខមាលភាពសាធារណៈ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សន្និសីទនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។

ឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មាន លោក នេត្រ ភ័ក្រ្ដា បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ វាមានមូលហេតុចំនួន២ មកពីធម្មជាតិ ទី១៖ ការប្រែប្រួលអាកាសធាតុ នៅពេលដែលផែនដីមានរង្វិល ហើយនៅផែនខាងក្នុងមានកម្ដៅ ក៏វាឲ្យកើនឡើងនូវកំណើនកម្ដៅផែនដី និងទី២៖ ការកើនឡើងនូវកំណើនកម្ដៅផែនដី។

លោក នេត្រ ភ័ក្រ្ដា បានបន្ថែមទៀតថា «ការពិតទៅផលប៉ះពាល់ដែលកើតចេញ មកពីការកាប់ព្រៃឈើ ការបាត់បងព្រៃឈើ គឺមានកម្រិតមួយផ្នែកតូចនោះទេ ក៏ប៉ុន្ដែការឡើងកម្ដៅផែនដី គឺជាការកើតឡើងដោយ ឧស្ម័នផ្ទះកញ្ចប់ ការប្រើប្រាស់មធ្យោបាយផ្សេងៗ និងការដុតប្រេងឥន្ធនៈជាដើម»

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសមួយចំនួនដែលរីកចម្រើន ដោយផ្នែកឧស្សាហកម្ម និងប្រើប្រាស់នៅរោងចក្រធំៗ ដែលបញ្ចេញផ្សែងឧស្ម័ន ក៏វាធ្វើឲ្យមានការប្រែប្រួលអាកាសធាតុដែរ ដូច្នេះសូមកុំឲ្យគិតថា មានតែបញ្ហាព្រៃឈើតែមួយ ដែលបង្កឲ្យមានការប្រែប្រួលអាកាសធាតុ។

លោកបានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺមានការកើនឡើង សូម្បីតែយើងបង្កើនការពង្រឹកទីក្រុង ក៏ធ្វើឲ្យប៉ះពាល់ ទៅដល់ការប្រែប្រួលអាកាសធាតុផងដែរ។ លោកបន្តថា ដោយសារតែត្រូវសាងសង់នូវសំណង់ អគារ ហើយប្រើប្រាស់នូវសំណង់ផ្សេងៗ ដែលធ្វើឲ្យមានការឡើងកម្ដៅ។

ទន្ទឹមគ្នានោះ លោក នេត្រ ភ័ក្រ្ដា បានសង្កត់ធ្ងន់ថា «ការប្រែប្រួលនូវនគរូបនីយកម្ម ក៏ជាផ្នែកមួយ បង្កដល់ការប្រែប្រួលអាកាសធាតុផងដែរ ចឹងហើយបានជាយើង មិនអាចកំណត់បានបញ្ហាមួយ មកពីព្រៃឈើនោះទេ ការប្រែប្រួលអាកាសធាតុ គឺមានកត្ដាផ្សេងៗទៀត ដែលចូលរួម ក្នុងបង្កឲ្យមានផលប៉ះពាល់ ដល់ការប្រែប្រួលអាកាសធាតុ»