(ភ្នំពេញ)៖ សមាគមអ្នកសាងសង់កម្ពុជា សហការជាមួយសាខាក្រុមហ៊ុន ខាសថ៍ លេបប័ររេថឹរី ភីធីអី អិលធីឌី ជាសមាជិករបស់សមាគម នឹងរៀបចំកម្មវិធីជួបជុំសំណេះសំណាល និងទំនាក់ទំនងធុរកិច្ច ដើម្បីឲ្យសមាជិកសមាគម មានឱកាសលើកឡើងអំពីតម្រូវការ និងការផ្គត់ផ្គង់សម្ភារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ស្របពេលជាមួយនឹងការរីកចម្រើន ខាងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន។

ពិធីជួបជុំសំណេះសំណាល និងទំនាក់ទំនងធុរកិច្ច របស់សមាជិកសមាគមអ្នកសាងសង់កម្ពុជា ខាងលើនេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅអគារ Exchange Square ភោជនីយដ្ឋាន Hard Rock Cafe ជាន់ទី១ រាជធានីភ្នំពេញ។

កម្មវិធីនេះ សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំឡើង១ឆ្នាំ៣ដង សម្រាប់សមាជិកសមាគម ដែលបច្ចុប្បន្ននេះ សមាគមមានសមាជិកប្រមាណ១៦៦ ក្រុមហ៊ុនក្នុងនោះ រួមមាន៖

* ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់
* ក្រុមហ៊ុនលក់សម្ភារ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ
* ក្រុមហ៊ុនអចលនទ្រព្យ រោងចក្រ ផលិតបេតុង
* ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គីសនី ទឹក ម៉ាស៊ីនត្រជាក់
* ក្រុមហ៊ុនធានារ៉ាប់រង
* ក្រុមហ៊ុនដឹកជញ្ជូនសម្ភារសំណង់
* ក្រុមហ៊ុនធ្វើពិសោធន៍ដី
* ក្រុមហ៊ុនធ្វើសសរគ្រឹះ និងគ្រឹះ
* ក្រុមហ៊ុនសេវាកម្ម និងលក់អចលនទ្រព្យ ផ្ទះសម្បែង ដីធ្លី
* និងក្រុមហ៊ុនពាក់ព័ន្ធ នឹងការសាងសង់ជាច្រើនផ្សេងៗទៀត។

ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានខ្លះជាក្រុមហ៊ុន ឬសាខាក្រុមហ៊ុន របស់បរទេសជាច្រើនដូចជា៖ មកពីប្រទេស ចិន ជប៉ុន កូរ៉េ ថៃឡង់ដ៏ សឹង្ហបុរី ស៊ុយអ៊ែត ស្វីសហ្សេលែន ម៉ាឡេស៊ី អូស្រ្តាលី អាល្លឺម៉ង់ បារាំង វៀតណាម ឥណ្ឌូនេស៊ី...-ល-។ ក្នុងពិធីនេះ ក៏មានការអញ្ជើញឲ្យចូលរួមពីសំណាក់ អ្នកអភិវឌ្ឍ អ្នកវិនិយោគ និងធុរជនលើវិស័យសំណង់ជាតិ និងអន្តរជាតិជាច្រើនផងដែរ។

មិនត្រឹមតែពិធីធុរកិច្ចប៉ុណ្ណោះទេ សមាគម ក៏បានរៀបចំឱ្យមានការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ជូនសមាជិកសមាគមជារៀងរាល់ ចុងឆ្នាំនីមួយៗទៀត ដើម្បីជួយ និងផ្តល់ទីកន្លែង និងពេលវេលា ឲ្យសមាជិក ទាំងអស់ណា ដែលមានផលិតផល និងបច្ចេកវិទ្យាថ្មីៗ និងទំនើបៗ ដើម្បីយកមកដាក់តាំងបង្ហាញ និងផ្សព្វផ្សាយជូនអតិថិជន ដែលមានបំណង និងតម្រូវការចង់ទិញ ដើម្បីសាងសង់នូវគម្រោង ឬផ្ទះសម្បែងរបស់ខ្លួន។

សមាជិក គ្រាន់តែចូលទស្សនាក្នុងកម្មវិធីនេះ នឹងបានឃើញនូវសម្ភារ ឧបករណ៍ គ្រឿងចក្រ និងបច្ចេកវិទ្យាសំណង់ ដែលបានផលិតថ្មីៗ និងទំនើបៗ ដែលពិភពលោកកំពុងមានប្រើប្រាស់ និងដាក់លក់លើទីផ្សារនៅកម្ពុជា និងជាពិសេសបានដឹងពីព័ត៌មាន គម្រោងអភិវឌ្ឍ និងវិនិយោគវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាថែមទៀតផង៕