(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ខ្លួនតាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។ ក្នុងសន្និបាតនេះក្រសួងបានពិនិត្យទៅលើការងារជាច្រើនដែលខ្លួនសម្រេចបាននៅក្នុងឆ្នាំ និងពិនិត្យកែលំអរចំណុចមិនទាន់ប្រសើរមួយចំនួន ដើម្បីឈានទៅសម្រេចនៅក្នុងឆ្នាំថ្មី។
ក្នុងសន្និបាតនេះ បានពិនិត្យ និងកែលំអរលើការងារជាច្រើន ដើម្បីធ្វើឲ្យការងារអប់រំកាន់តែប្រសើរឡើង។ សូមបញ្ជាក់ថា ការងារអប់រំជាវិស័យអាទិភាពមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ខែខ្ពស់សម្រាប់មន្ត្រីអប់រំ និងគ្រូបង្រៀន ហើយសូម្បីថវិកាជាតិសម្រាប់វិស័យអប់រំ ក៏មានអត្រាខ្ពស់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអប់រំជាការងារអាទិភាពមួយដែលសម្តេចបានយកចិត្តតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយបានធ្វើការកែលំអរជាបន្តបន្ទាប់តាំងពីដំណាក់វេទនា រហូតមានវឌ្ឍនភាពដូចពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន តែងតែអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតរបស់ក្រសួងអប់រំ ដើម្បីបានឱកាសផ្តល់អនុសាសន៍មួយចំនួនធ្វើការកែលំអរលើការអប់រំនៅកម្ពុជា៕