(ភ្នំពេញ)៖ នៅទីបំផុត! ក្រោយពីមហាជនប្រកាសថ្កោលទោសព្រោងព្រាត រហូតមានបទបញ្ជាពីប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់អ្នកបើករថយន្ដបង្កនោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់មុននេះបន្ដិចរបស់លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News។
យ៉ាងណាក៏ដោយ បើតាមលោក សែម គន្ធា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ ទៅបុកនិស្សិតរងគ្រោះបណ្ដាល ឲ្យស្លាប់នោះឡើយ ហើយរហូតមកដល់រសៀលថ្ងៃនេះ សមត្ថកិច្ចរបស់លោក បាននិងបន្ដសួរនាំចាត់ការតាមនីតិវិធីនៅមុខទៀត។
សូមបញ្ជាក់ថា ជាមួយនឹងការស្រែកអំពាវនាវរបស់មហាជននៅលើបណ្តាញសង្គម Facebook នោះ សម្តេចតេជោ ហ៊ុន សែន ក៏មិនបាននៅសុខដែរចំពោះសកម្មភាពល្មើសច្បាប់សង្គមមួយនេះ រហូតសម្តេច បានប្រកាសពីលើវេទិកាចែកសញ្ញាបត្រមួយ ឲ្យសមត្ថកិច្ចត្រូវតែតាមចាប់អ្នកបើករថយន្តមួយនេះឲ្យបាន។
នៅចំពោះមុខគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ករណីចរាចរណ៍ កាលពីម្សិលមិញ ឃើញគេបញ្ចាំងចុះ បញ្ចាំងឡើងរឿងបញ្ហាបុកនិស្សិតស្លាប់ ទៅតាមរកឱ្យឃើញបណ្តាលមកពីអី គឺចេញមកពីអត់គុណធម៌ហ្នឹងឯង អត់គុណធម៌ហ្នឹងឯង បើយើងជិះកង់ ទោះបីជាយើងជិះលឿនយឺត ប៉ុណ្ណា គង់លឿនជាងអ្នកដើរដែរ ហើយបើយើងជិះម៉ូតូ បើទោះបីជាយើងជិះលឿន ជិះយឺតប៉ុណ្ណា ក៏គង់លឿនជាងកង លឿនជាងអ្នកដើរដែរ»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សច្រើនជាងសម័យសង្គ្រាមទៅទៀត និងបានទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើ បញ្ហានេះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលាផារ៉ាហ្គន ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្រ្តខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។ សម្រាប់អ្នកបើករថយន្តបង្កវិញ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនផងដែរ បើទោះបីម្ចាស់រថយន្តមានឈ្មោះ យិន ង្គិច បានចេញមុខមកប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះមុខសមត្ថកិច្ច និងគ្រួសារជនរងគ្រោះក៏ដោយនោះ។
ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់។
មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា៕