(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចេញសេចក្តីថ្លែងការណ៍មួយថា ការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បុកនិស្សិតឆ្នើមម្នាក់ស្លាប់ កាលពីម្សិលមិញនោះ គឺជាសារនិងសំណូមពរ ដើម្បីរួមគ្នាប្រឆាំងនឹងអ្នកបើកបរដែលមានឥរិយាបទឃោរឃៅគ្មាន គុណធម៌ សីលធម៌ ធ្វេសប្រហែស និងបង្កគ្រោះថ្នាក់ដល់ជីវិតសាធារណជន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់ គរុសិស្ស-និស្សិតជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានចាត់ទុក ករណីបើករថយន្តបុក និស្សិតសាកលវិទ្យាល័យ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យហ្សាម៉ាន់) ស្លាប់ ហើយរត់គេចកាលពីម្សិលមិញនេះ គឺជាទង្វើអគុណធម៌។ សម្តេចបានបង្គាប់ឱ្យសមត្ថកិច្ចតាមរកជនដែលបើកបររថយន្ត គ្មានគុណធម៌បែបនេះ មកចាត់ការតាមច្បាប់។
សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរយ៉ាងដូ ច្នេះថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាមហាជនបានយក ចិត្តទុកដាក់ខ្ពស់ពិតប្រាកដណាស់នេះជាសារមួយដ៏ត្រឹមត្រូវ និងជាសំណូមពរដល់ភាគីពាក់ព័ន្ធរាស្រ្តនិងរដ្ឋ «រួមគ្នាប្រឆាំង នឹងអ្នកបើកបរដែលមានឥរិយាបទឃោរឃៅគ្មាន គុណធម៌ សីលធម៌ ធ្វេសប្រហែសនិងបង្កគ្រោះថ្នាក់ដល់ជីវិតសាធារណជន» គឺមិនត្រឹមតែរកយុត្តិធម៌ដល់ជនរងគ្រោះនោះទេ គឺវិធានការម៉ឺងម៉ាត់ជាមួយនឹងការទប់ស្កាត់ ការពារ សាធារណជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលអាចទទួលយកបានផងដែរ»។
ទោះជាយ៉ាងនេះក្តី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្តែងការសោកស្តាយបំផុតនិងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពចំពោះការបាត់បង់ជីវិតនិស្សិត ឌុំ រីដា នៅក្នុងបរិបទគ្រោះថ្នាក់ចរាចរណ៍ដ៏តក់ស្លុតនេះ ហើយក៏បានបួងសួងសូមវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភពផងដែរ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលាផារ៉ាហ្គន ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្រ្តខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។ សម្រាប់អ្នកបើករថយន្តបង្កវិញ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនផងដែរ បើទោះបីម្ចាស់រថយន្តមានឈ្មោះ យិន ង្គិច បានចេញមុខមកប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះមុខសមត្ថកិច្ច និងគ្រួសារជនរងគ្រោះក៏ដោយនោះ។
ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់។
កាលពីម្សិលមិញ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ក៏បានប្រកាសថា កម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងស្វះស្វែងរកតាមចាប់ទាំងអ្នកបើក និងរថយន្ត Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 នេះផងដែរ៕