(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថាអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ការអប់រំកម្ពុជានៅចន្លោះឆ្នាំ១៩៧៩ និងទស្សវត្សឆ្នាំ៨០ មានការលំបាកខ្លាំងណាស់។ ក្នុងនោះគ្រូ និងសិស្សមានចំណេះដឹងប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាបានគោរពនូវពលីកម្មរបស់គ្រូក្នុងរយៈពេល ៤០ឆ្នាំមកនេះ។ សម្តេចតេជោ បានថ្លែងថា ការពលីកម្មរបស់គ្រូពិតជាធំណាស់សម្រាប់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា សម្តេចបានបញ្ចេញថវិកា ១៥លានដុល្លារ សម្រាប់ទិញរថពាសដែកបំពាក់ឲ្យកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញការងារ នៅប្រទេសម៉ាលី។ សម្តេចតេជោ បញ្ជាក់ថា នឹងមិនដកកម្លាំងមួកខៀវចេញពីប្រទេសម៉ាលីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅម៉ាលី ព្រោះបញ្ហាសង្គ្រាម និងបាតុកម្មនាំឲ្យសាលាត្រូវបិទទ្វារ។ ប៉ុន្តែសម្រាប់កម្ពុជា ទោះបីមានស្ថានភាពលំបាកយ៉ាងណា ចាប់តាំងពីឆ្នាំ១៩៧៩មក ការបណ្តុះបណ្តាលនៅតែប្រឹងប្រែងជម្នះក្នុងការផ្តល់ការអប់រំឲ្យសិស្ស។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងសម័យសង្គ្រាមគ្រូបានពលីកម្មធំណាស់ ក្រៅពីការផ្តល់ចំណេះដឹង ពួកគាត់បានរិះរកគ្រប់វិធីកុំឲ្យមានគ្រោះថ្នាក់ដល់សិស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់ប្រាក់បៀវត្សរ៍ឲ្យគ្រូបង្រៀន និងគ្រូពេទ្យច្រើនជាងគេ ព្រោះវិស័យទាំងពីរនេះជាអាទិភាពសម្រាប់សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ខែគ្រូបង្រៀននៅកម្ពុជាជាង ៣០០ដុល្លារអាចរស់បាន តែសម្រាប់ប្រទេសខ្លះអាចរកចំណូល ឬប្រាក់ខែ ៣ពាន់ដុល្លារមិនអាចរស់បាននោះទេ ព្រោះការចំណាយខ្ពស់ និងតម្រូវការបង់ពន្ធផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសខ្លះដ្បិតតែរកបានប្រាក់ឈ្នួលខ្ពស់ តែអ្នកខ្លះមិនសល់លុយនោះទេ ពេលខ្លះរកតែលុយទិញថ្លៃសំបុត្រយន្តហោះហោះមកលេងស្រុកកំណើតមិនបានផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធជន យុទ្ធនារីពីសម័យមុនខ្វះខាត តែមិនសូវមានការប្រព្រឹត្តផ្តេសផ្តាស់។ តែបច្ចុប្បន្នពេលសម្បូរសប្បាយក៏សម្បូរអ្នកទំនើងផងដែរ ដែលភាពទំនើងនេះមានទាំងកូនអ្នកមាន និងអ្នកក្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែការសម្បូរបែបនេះធ្វើឲ្យមនុស្សសប្បាយភ្លើតភ្លើនចូលក្លឹបកម្សាន្តផ្សេងៗរហូតបង្កឲ្យមានជំងឺអេដស៍ជាដើម និងការភ្លើតភ្លើននេះក៏បង្កជាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះសីលធម៌របស់សិស្សមានការធ្លាក់ចុះច្រើន។ ពីមុនក្មេងៗចេះស្គាល់ចាស់ទុំ តែក្មេងឥឡូវលែងសូវចេះគោរពចាស់ទុំហើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រូៗចូលរួមអប់រំសីលធម៌ឲ្យបានច្រើនដល់សិស្ស។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សៀវភៅតាមដានការសិក្សារបស់កូនៗសម្តេចទាំងអស់ គឺសម្តេចជាអ្នកតាមដានទាំងអស់។
* សម្តេចតេជោ បានរំលឹកថា ក្នុងចំណោមកូនរបស់សម្តេចមានកូនមួយខិលជាងគេ ហើយសម្តេចបានចារដោយផ្ទាល់ទៅកាន់គ្រូឲ្យបង្កើនការអប់រំផ្នែកសីលធម៌ដល់កូនម្នាក់នោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំពាក់ព័ន្ធគុណធម៌ គ្រឿងញៀន និងរឿងចរាចរណ៍មិនមែនអប់រំសម្រាប់តែសិស្សនោះទេ ក្នុងជួរមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក៏ត្រូវមានការអប់រំផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍បុកនិស្សិតស្រីម្នាក់ស្លាប់ សមត្ថកិច្ចត្រូវស្វែងរកអ្នកបើកបរឲ្យឃើញ។
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ក៏ដូចជានគរបាលនៅខេត្តព្រៃវែង ដែលបាននាំយកកូនឲ្យមកទទួលទោស។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សច្រើនជាងសម័យសង្គ្រាមទៅទៀត។ សម្តេចតេជោ បានទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានរំលឹកដោយផ្ទាល់ទៅកាន់តំណាងរាស្ត្ររបស់បារាំង ពាក់ព័ន្ធឱនភាពភាសាបារាំងនៅកម្ពុជា ក្នុងពេលសម្តេចនៅធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស។ ក្នុងនោះសម្តេចបានជំរុញឲ្យបារាំងបើកមជ្ឈមណ្ឌលភាសាបារាំងនៅកម្ពុជា តែបែរជាតំណាងរាស្ត្របារាំងម្នាក់ធ្វើព្រងើយកន្តើយ និងបោះសម្តីថា បារាំងមិនទទួលស្គាល់រដ្ឋាភិបាលខ្មែរសម័យនោះទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា ប្រទេសកម្ពុជាមានភាសាកំណើតរបស់ខ្លួន មិនមែនពឹងផ្អែកតែលើភាសាបារាំងនោះទេ ទោះទទួលស្គាល់ ឬមិនទទួលស្គាល់ ក៏មិនមានបញ្ហានោះដែរ។ ទន្ទឹមនោះក្រៅពីភាសាបារាំង កម្ពុជានៅពេលនោះមានជម្រើសជាច្រើនដូចជាភាសាអង់គ្លេស ខណៈនិស្សិតកម្ពុជាជាច្រើនបានបញ្ជូនទៅសិក្សានៅរុស្ស៉ីផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែការសម្រេចចិត្តខុសរបស់បារាំងនាពេលនោះហើយ ទើបធ្វើឲ្យស្ថានភាពប្រើប្រាស់ភាសាបារាំងនៅកម្ពុជាត្រូវធ្លាក់ចុះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងផ្ទះរបស់សម្តេច គឺកូនៗរបស់សម្តេចមានអ្នកចេះភាសាបារាំង៤នាក់។ ពីរនាក់ចេះស្ទាត់ និងពីរនាក់មិនសូវជាស្ទាត់នោះទេ។
* បើទោះបីជាយ៉ាងណាសម្តេចតេជោ ក៏បានថ្លែងអំណរគុណសម្រាប់ភាសាបារាំង ដែលបានជួយស្រោចស្រង់អាយុជីវិតរបស់សម្តេចពេលសម្តេចរត់ចូលទៅទឹកដដីវៀតណាម ដើម្បីធ្វើការតស៊ូរំដោះប្រទេសកាលពីឆ្នាំ១៩៧៧។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុងនិយាយភាសាបារាំងជាង១០០ មកពីតាមបណ្តាប្រទេសនានាលើពិភពលោក នឹងរួមគ្នាបើកកិច្ចប្រជុំនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់លើការធ្វើធុរកិច្ចជាច្រើននឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី២៩ មីនាខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសក្រីក្រតែមានថ្ងៃឈប់សម្រាកជាងប្រទេសអ្នកមាន។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ស្នើសុំការយោគយល់នៅឆ្នាំក្រោយនឹងមានការកាត់បន្ថយថ្ងៃឈប់សម្រាកខ្លះ។
* សម្តេចតេជោ បានថ្លែងថា ការធ្វើកំណែទម្រង់នេះ ដើម្បីធានាដល់ដំណើរការនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយមិនខ្វល់ថាមាន ឬ គ្មាន EBA នោះទេ។
* បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីការកាត់បន្ថយថ្ងៃឈប់សម្រាក ការសម្រួលនីតិវិធីក្នុងការពិនិត្យកុងតឺន័រ និងកាត់បន្ថយថ្លៃអគ្គិសនី ក៏ស្ថិតក្នុងកញ្ចប់នៃការធ្វើកំណែទម្រង់នេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចប្រជុំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅថ្ងៃសុក្រ ខាងមុខនេះ នឹងមានបទអន្តរាគមន៍សំខាន់ៗជាច្រើន រួមទាំងការបង្ហាញកញ្ចប់ថវិកាសម្រាប់អន្តរាគមន៍លើបញ្ហាធ្វើពាណិជ្ជកម្មផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្ននេះ មិនមែនអ្វីៗសុទ្ធតែត្រូវការជំនួយទាំងអស់នោះទេ មានការងារជាច្រើនកម្ពុជាបានប្រើកញ្ចប់ថវិកាជាតិរបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកពន្ធលើអង្កររបស់កម្ពុជាមិនយុត្តិធម៌ទេ។ សម្តេចតេជោបានគូសបញ្ជាក់ថា ការយកពន្ធអង្កររបស់កម្ពុជានៅទីផ្សារអឺរ៉ុបនេះ ព្រោះតែអ៉ីតាលីប្រកួតប្រជែងទីផ្សារអង្ករមិនឈ្នះកម្ពុជា និងមីយ៉ាន់ម៉ា ទើបសម្រេចយកពន្ធអង្កររបស់កម្ពុជា។
* សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានឯកសារច្រើនណាស់ ដែលសម្តេចត្រូវពិនិត្យ និងចុះហត្ថលេខាក្នុងមួយថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមនុស្សច្រើនណាស់ដេកស្រមៃចង់ធ្វើនាយករដ្ឋមន្ត្រី តែមិនបានធ្វើ។ សម្តេចតេជោ បានលើកឡើងថា សម្តេចមិនដែលមានបំណងធ្វើនាយករដ្ឋមន្ត្រីនោះទេ គឺមានបំណងចង់ធ្វើត្រឹមគ្រូបង្រៀនប៉ុណ្ណោះ។ ក្នុងន័យនេះសម្តេចស្នើឲ្យមានការជឿលើព្រហ្មលិខិតខ្លះទៅ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សូម្បីតែព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក៏ធ្លាប់បានមានព្រះរាជបន្ទូលដែរថា ឲ្យជឿលើព្រហ្មលិខិតខ្លះទៅ ដូចជាព្រះអង្គ និងសម្តេចតេជោ មិនដែលស្រមៃក្លាយជាស្តេច និងជានាយករដ្ឋមន្ត្រីនោះទេ។
* សម្តេចបានបញ្ចប់ថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៣២នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News៕