(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញ ចុះពិនិត្យមើលការសាងសង់ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន ចំនួន៣គ្រួសារ នៅភូមិម្រាមទៀក ឃុំជីរោ ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសសើរចំពោះថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ដែលបានខិតខំ និងកំពុងបន្តសាងសង់តាមផែនការ ។
លោកទេសរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកក្រុមជាងឲ្យយកចិត្តទុកដាក់ពីគុណភាពក្នុងការសាងសង់ និងខំប្រឹងឲ្យរួចតាមផែនការដេីម្បីយេីងផ្តល់ជូនគាត់ចូលរស់នៅមុនចូលឆ្នាំថ្មីនេះ។
ជាមួយគ្នានោះ អគ្គលេខធិការរូបនេះ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំ ស អ ក ស្រុកខេត្តត្រូវចុះពិនិត្យមើលសមាជិកដែលមានជីវភាពខ្វះខាត ឬជួបបញ្ហាប្រឈមអ្វីមួយត្រូវជួយដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេល បេីហួសពីលទ្ធភាពខ្លួនត្រូវរាយការណ៍ជូនថ្នាក់លេីបន្ត។
លោក សំ សំអុល តំណាងអតីតយុទ្ធជន ទាំងបីគ្រួសារ ដែលត្រូវទទួលបានផ្ទះជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន បានគោរពថ្លែងអំណរគុណ ដឹងគុណ សម្តេចទាំងពីរដែល ផ្ដល់ផ្ទះជូនពួកគាត់ និងប្តេជ្ញាគោរព ជឿជាក់លេីការដឹកនាំរបស់សម្តេច និងជូនពរសម្តេច ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខសប្បាយ រុងរឿង ឈ្នះអស់មារសត្រូវគ្រប់ទិសទី៕