(ភ្នំពេញ)៖ លោកបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធានគណៈប្រតិភូនៃគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានកោតសរសើរដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ដែលបានធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ក្នុងប្រមូលចំណូលពន្ធបានយ៉ាងល្អ នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសលោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភាដឹកនាំដោយប្រតិភូ ចុះស្វែងយល់អំពី «កិច្ចប្រតិបត្តិការប្រមូលពន្ធតាមរយៈប្រព័ន្ធអេឡិចត្រូនិក» នៅអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមីនានេះ។
លោកបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំទទួល និងធ្វើការចែករំលែកអំពីកិច្ចប្រតិបត្តិការ ប្រមូលពន្ធតាមរយៈប្រព័ន្ធអេឡិចត្រូនិក នៅអគ្គនាយកដ្ឋានពន្ធដារ និងបានកោតសរសើរ អំពីការរីកចម្រើនគួរកត់សម្គាល់របស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងរយៈពេល០៥ ឆ្នាំចុងក្រោយនេះ ដែលការរីកចម្រើននិងសមិទ្ធផលនៃការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធនេះ ត្រូវបានទទួលស្គាល់ និងកោតសរសើរពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ចំពោះដំណើរបំពេញបេសកកម្មនេះ ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ លើការប្រមូលពន្ធតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលជាកិច្ចការសំខាន់ ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងខិតខំប្រឹងប្រែងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងរយៈពេល ០៥ ឆ្នាំកន្លងមកនេះ។
លោក គង់ វិបុល បានធ្វើបទបង្ហាញជូនគណៈប្រតិភូ អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសារពើពន្ធ និងការកែទម្រង់ប្រព័ន្ធពន្ធដាររយៈពេល០៥ឆ្នាំលើ មុខងារស្នូលដែលរួមមាន៖ (១) ការចុះបញ្ជីអ្នកជាប់ពន្ធ, (២) ការផ្តល់សេវាអ្នកជាប់ពន្ធ, (៣) ការចាត់ចែងលិខិតប្រកាស, (៤) ការធ្វើវនកម្ម, និង (៥) ការប្រមូលបំណុលពន្ធនិងបណ្តឹងតវ៉ា និងមុខងារគាំទ្រដែលរួមមាន៖ (១) ការពង្រឹងការគ្រប់គ្រងនិងរចនាសម្ព័ន្ធ, (២) ការគ្រប់គ្រងធនធានមនុស្ស, និង (៣) បច្ចេកវិទ្យាព័ត៌មាន។
គួររំលឹកផងដែរថា ការអនុវត្តការងារកំណែទម្រង់នេះ គឺអនុវត្តស្របតាម យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា និង «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP)» ព្រមទាំង «យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨» អគ្គនាយកដ្ឋានពន្ធដារបានខិតខំពង្រឹងនូវ «អភិបាលកិច្ចល្អ» និងសម្រេចបាននូវលទ្ធផល និងសមិទ្ធផលល្អប្រសើរជាច្រើន ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ជូនរាជរដ្ឋាភិបាលនិងប្រទេសជាតិ។ ជាក់ស្ដែង ក្នុងរយៈពេល ០៥ ឆ្នាំ កន្លងមកនេះ ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ បានកើនទ្បើងលើសផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលជាទូទៅបានកើនទ្បើងប្រមាណ២០% ជារៀងរាល់ឆ្នាំ។
លទ្ធផលសម្រេចបាននេះ គឺអគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុងបរិបទមួយដែលរាជរដ្ឋាភិបាល មានគោលនយោបាយមិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី ដោយត្រូវពង្រឹងច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារមានស្រាប់ និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យអស់លទ្ធភាពសក្កានុពល។
ឆ្លៀតក្នុងឱកាសនៃដំណើរបំពេញបេសកកម្មនេះដែរ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់ នៅតាមផ្នែកពាក់ព័ន្ធសំខាន់ៗ នៃអគ្គនាយកដ្ឋានពន្ធដារដែលដំណើរការ ដោយប្រព័ន្ធអេទ្បិចត្រូនិកដើម្បីគាំទ្រ ដល់ការប្រមូលចំណូលពន្ធ ជាអាទិ៍ មជ្ឈមណ្ឌលទិន្នន័យ (Data Center), បញ្ជរទទួលលិខិតប្រកាសពន្ធ, បញ្ជរចុះបញ្ជីពន្ធដារ, មជ្ឈមណ្ឌលឃ្លាំងឯកសារ (Data Storage Center), និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (Data Processing Center)៕