(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់។

លោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានប្រាប់ Fresh News ឲ្យដឹងថា គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន ៤០នាក់ នារី ៤នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២៣នាក់ នារី ៣នាក់, និស្សិតវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ ១៨នាក់ នារី ១នាក់, គ្រូបង្រៀនកម្រិតឧត្តមបរិញ្ញាបូក១ ចំនួន ៨០៥នាក់ នារី ៣២៤នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន ៩៨៨នាក់ នារី ៣៥០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក២ ចំនួន ៤៤នាក់ នារី ៣១នាក់។

បើតាមលោក សៀង សុវណ្ណា សម្រាប់ការប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិតនៅថ្ងៃនេះ គឺជាការប្រគល់សញ្ញាបត្រលើកទី២៣ហើយ ហើយរាល់ការចែកសញ្ញាបត្រនេះ តែងទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីពីសម្តេចតេជោ ហ៊ុន សែន។

លោក សៀង សុវណ្ណា ក៏បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យាស្ថានជាតិអប់រំ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៨ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ២០,៣៨៥នាក់ នារី ៦៥១នាក់។

គរុសិស្ស និស្សិត ដែលបញ្ចប់ការសិក្សា ទទួលបានបរិញ្ញាបត្រនៅថ្ងៃនេះ ក្លាយជាធនធានថ្មីបន្ថែមទៀត សម្រាប់ជួយដល់វិស័យអប់រំនៅកម្ពុជា និងជួយបណ្តុះបណ្តាលកូនខ្មែរឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់រួមចំណែកអភិវឌ្ឍជាតិ៕