(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា បានត្រឹមប្រកួតស្មើក្រុម U23 ឆាយនីសតៃប៉ិ ១-១ ប៉ុណ្ណោះ សម្រាប់ការប្រកួតបង្គ្រប់កិច្ចពូល H នៃវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2020 នៅលើទឹកដីកម្ពុជា ។
ការប្រកួតចុងក្រោយនេះ ក្រុមគោព្រៃជំទង់កម្ពុជា បានដាក់សម្ពាធខ្លាំងលើក្រុម U23 ឆាយនីសតៃប៉ិ ព្រមទាំងបានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុននៅនាទី៤០ ដោយកីឡាករ ស៊ិន កក្កដា ទៀតផង ។ តែចូលតង់ទី២ កម្ពុជាហាក់ថមថយកម្លាំង គ្រាដែលឆាយនីសតៃប៉ិ បានស្ដារស្ថានការណ៍ឡើងវិញ ព្រមទាំងវាយបកបាន ១គ្រាប់ដោយកីឡាករ Philip Ponder នៅនាទី៥៧ ហើយលទ្ធផលស្មើគ្នា បានរក្សាដល់ចប់ការប្រកួត ៩០នាទីតែម្ដង ។
តាមរយៈការចែកគ្នា ១ពិន្ទុម្នាក់ ចំពោះមុខអ្នកទស្សនាផ្ទាល់ប្រមាណ ១,៦៦២នាក់នេះ បានធ្វើឲ្យក្រុម U23 កម្ពុជា និង U23 ឆាយនីសតៃប៉ិ បញ្ចប់បេសកកម្មប្រកួតជម្រុះពូល H លើទឹកដីកម្ពុជា ដោយរកបានត្រឹម ១ពិន្ទុម្នាក់ប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតចាញ់២ និងស្មើ១ មិនស្គាល់ឈ្នះរៀងៗខ្លួន ។ ចំណែកក្រុមទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២០ ដោយស្វ័យប្រវត្តិ នៅថៃ គឺក្រុម U23 សាធារណៈរដ្ឋកូរ៉េ ក្រោយប្រកួតស្មើក្រុម U23 អូស្ដ្រាលី ២-២ កាលពីល្ងាចមិញ ។
ក្រុម U23 សាធារណរដ្ឋកូរ៉េ បានឈរកំពូលតារាង ដោយមាន ៧ពិន្ទុស្មេីគ្នាជាមួយក្រុម U23 អូស្ដ្រាលី តែមានគ្រាប់បាល់ចំណេញច្រើនជាង ។ តែយ៉ាងណា U23 អូស្ដ្រាលី ក៏នៅតែមានក្ដីរំពឹងខ្ពស់ ក្នុងការឡើងជុំផ្ដាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ២ ល្អជាងគេផងដែរ ព្រោះបើធៀបនឹងពូលផ្សេងៗ អូស្ដ្រាលី មិនត្រឹមតែមិនស្គាល់ចាញ់នោះទេ គឺថែមទាំងមានពិន្ទុ និងគ្រាប់បាល់ចំណេញច្រើនទៀតផង៕