Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី ខិតខំគាស់កកាយកេរ្តិ៍មរតវប្បធម៌ នៃល្បែងប្រពៃណីនៅក្នុងតំបន់នីមួយៗ មកលេងកំសាន្តក្នុងពេលចូលឆ្នាំ

26-03-2019 20:29

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានណែនាំឱ្យមន្ត្រី អាជ្ញាធរ មន្ទីរ អង្គភាពជំនាញ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងខិតខំគាស់កកាយអំពីកេរ្តិ៍មរតវប្បធម៌ នៃល្បែងប្រពៃណីខ្មែរ នៅក្នុងតំបន់នីមួយៗ មកលេងកំសាន្តសប្បាយ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រសើរជាង ការចាត់តាំងឲ្យលេងទៅតាមការកំណត់។

លោកអភិបាលបានលើកឡើងនៅក្នុងក្នុងកិច្ចប្រជុំ ណែនាំស្ដីពី ការរៀបចំផែនការបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ នាឆ្នាំ២០១៩ខាងមុខ។ ពិធីនេះក៏មានការចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្វីត្បិតតែ ឆ្នាំថ្មី ឆ្នាំកុរ អាជ្ញាធរ បានកំណត់គោលដៅចំនួន ១៣កន្លែង សម្រាប់កម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ក៏ពិតមែន ក៏ប៉ុន្តែមិនចាំបាច់តម្រង់ទិសថា ត្រូវកំណត់ឲ្យលេងល្បែងឲ្យដូចៗគ្នា និងទៅតាមការចាត់តាំងនោះទេ តែសូមឲ្យមូលដ្ឋាននីមួយៗ ខិតខំគាស់កកាយអំពីវប្បធម៌ ក្នុងតំបន់រៀងៗខ្លួន មកបង្ហាញដល់សាធារណៈជន បានទស្សនា កំសាន្តសប្បាយៗ។ ម្យ៉ាងវិញទៀត បើយើងទាំងអស់គ្នា បានអភិរក្សនូវល្បែងកំសាន្តទាំងអស់នោះ ក្រៅអំពីផ្ដល់ភាពសប្បាយៗ ដល់ប្រជាពលរដ្ឋទូទៅ វាក៏បានរំលឹកនូវអត្តសញ្ញាណរបស់ ដូនតាខ្មែរយើងដែលបានកប់ និងបន្សល់ទុកតាំងពីអតីតកាលឲ្យផុសឡើងសារជាថ្មីវិញផងដែរ។

លោកអភិបាលខេត្ត បន្តថា ប្រសិនបើយើងម្នាក់ៗ គិតតែពីនាំគ្នា តម្រង់ទិសឲ្យលេងល្បែងតែមួយមុខៗ នោះកេរ្តិ៍តំណែលវប្បធម៌ដើម ដែលបានកប់នៅក្នុងមូលដ្ឋានតាំងពីដូនតាមក នឹងចេះតែបាត់បង់ទៅៗ ដោយសារតែការចាត់តាំងរបស់យើងនោះឯង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «យើងអាចជ្រើសរើសឈ្មោះល្បែងប្រជាប្រិយ ដាក់បញ្ចូលទៅក្នុងសេចក្ដីណែនាំ ក៏ប៉ុន្តែ យើងមិនបានកំណត់ថា គ្រប់មូលដ្ឋានទាំងអស់ ត្រូវលេងល្បែងកំសាន្តនោះទាំងអស់នោះឡើយ»

ជាមួយគ្នានោះលោក គួច ចំរើន ក៏បានស្នើទៅដល់ក្រុង-ស្រុក ទាំងអស់ បន្តដឹកនាំឃុំ-សង្កាត់ នីមួយៗ ជួយផ្សព្វផ្សាយ អំពីទីកន្លែងឈរជើង របស់ក្រុមការងារអត្តសញ្ញាណកម្ម នៃស្នងការនគរបាល ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករចំណាកស្រុក ដើម្បីបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា ខណៈដែលពួកគាត់បានមកកាន់ស្រុកកំណើតផ្ទាល់ នាឱកាសបុណ្យចូលឆ្នាំថ្មីនោះ។ លើសពីនេះអ្នកពាក់ព័ន្ធទាំងអស់ចូរអនុវត្តទៅតាម សេចក្ដីណែនាំរបស់រដ្ឋបាលខេត្តផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំកុរ នាឆ្នាំនេះ អាជ្ញាធរបានត្រៀមគោលដៅកម្សាន្តសប្បាយ នៅតាមវត្តអារាម និងរម្មណីដ្ឋាននានា ក្នុងក្រុង-ស្រុក ទាំង ១០ ចំនួន ១៣កន្លែង ក្នុងនោះ ស្រុកកំពង់សៀម មាន ៤កន្លែង គឺរម្មណីដ្ឋានប្រវត្តិសាស្ត្រ វត្តនគរបាជ័យ រម្មណីដ្ឋានប្រវត្តិសាស្ត្រភ្នំប្រុស ភ្នំស្រី. រម្មណីដ្ឋានប្រវត្តិសាស្ត្រភ្នំហាន់ជ័យ និងរម្មណីដ្ឋានកែច្នៃ ឆ្នេរខ្សាច់កោះប៉ែន៕