(ភ្នំពេញ)៖ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ លោក ឈួន ដារ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅក្នុងឆ្នាំ២០១៨ កម្ពុជា នាំចេញទៅឥណ្ឌូនេស៊ី មានទំហំទឹកប្រាក់ជាង ៣៣លានដុល្លារអាមេរិក កើនឡើង២៩% ធៀបនឹងឆ្នាំ២០១៧ ដែលមានទំហំទឹកប្រាក់ជាង ២៥លានដុល្លារអាមេរិក។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រូបនេះ បានបន្ថែមទៀតថា ការនាំចេញរបស់ឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ២០១៨នេះមកកម្ពុជា មានទំហំទឹកប្រាក់ជាង ៥២៥លានដុល្លារអាមេរិក កើនឡើង២% ធៀបនឹងឆ្នាំ២០១៧ ដែលមានទំហំទឹកប្រាក់ជាង ៥១៣លានដុល្លារអាមេរិក។

លោក ឈួន ដារ៉ា បានគូសបញ្ជាក់ផងដែរថា ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌនេស៊ី មានទំហំទឹកប្រាក់ប្រមាណជាង៥៥៨ លានដុល្លារអាមេរិក កើនឡើង ៤% ប្រៀបធៀបនឹងឆ្នាំ២០១៧ ដែលមានទំហំទឹកប្រាក់ប្រមាណជាង៥៣៩ លានដុល្លារអាមេរិក។

ជាមួយគ្នានោះ មន្ដ្រីជាន់ខ្ពស់រូបនេះ បានឲ្យដឹងទៀតថា វេទិកាធុរកិច្ច កម្ពុជា-ឥណ្ឌូនេស៊ី នាពេលនេះ មានក្រុមហ៊ុនឥណ្ឌនេស៊ីធំៗ មួយចំនួនកំពុងសម្លឹងមើល ឱកាសវិនិយោគនៅកម្ពុជា។ ដូច្នេះ វាគឺជាពេលវេលា ដែលក្រុមហ៊ុនឥណ្ឌូនេស៊ី អាចពង្រីកពាណិជ្ជកម្ម និងការវិនិយោគរបស់ខ្លួន មិនមែននៅតែក្នុងប្រទេសឥណ្ឌូនេស៊ី គឺទៅកាន់បរទេស ជាពិសេសគឺប្រទេសកម្ពុជា។

លោក ឈួន ដារ៉ា បានបញ្ជាក់ថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ហើយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ឈានទៅរកប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះយើង ក៏ត្រូវការគាំទ្រផងដែរពី សំណាក់ភាគីឥណ្ឌូនេស៊ី ក្នុងការលូតលាស់រួមគ្នា។

លោកក៏បានលើកឡើងថា ការធ្វើពាណិជ្ជកម្ម របស់ឥណ្ឌូនេស៊ី និងផលិតផលឥណ្ឌូនេស៊ី អាចបំពេញនូវតម្រូវការ និងចំនង់ចំនូលចិត្តរបស់ប្រជាជនកម្ពុជា ហើយខ្ញុំសង្ឃឹមថា ផលិតផលរបស់កម្ពុជា ក៏អាចចូលក្នុងទីផ្សារឥណ្ឌូនេស៊ី និងអាចបំពេញនូវតម្រូវការ របស់ប្រជាជនឥណ្ឌូនេស៊ីផងដែរ។

ក្នុងនោះផងដែរ មានអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជា និងឥណ្ឌូនេស៊ីអាចទទួលបាន នៅពេលអនាគតដ៏ខ្លី។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ និងប្រទេសជាសមាជិកអាស៊ានដទៃទៀត បានបង្ហាញពីអត្ថប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក។ នេះជាការបញ្ជាក់បន្ថែម របស់លោក ឈួន ដារ៉ា។

លោកក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការសហប្រតិបត្តិការជាមួយ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដើម្បីស្វែងរកនូវមធ្យោបាយជំរុញសកម្មភាពពាណិជ្ជកម្ម ក៏ដូចជាស្វែងរកនូវមធ្យោបាយដ៏ប្រសើរ ក្នុងការធ្វើឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានការកើនឡើងបន្ថែមទៀត៕