(ភ្នំពេញ)៖ មរណភាពរបស់ កញ្ញា ឌុំ រីដា ដោយសាររថយន្តបុករសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ កំពុងបង្កើតឲ្យមានការរំជួលចិត្ត និងសោកស្តាយជាពន់ពេកពីក្រុមគ្រួសារ ព្រោះតែមរណភាពនេះជាការបាត់បង់នូវមនុស្សម្នាក់មានចរិតស្លូតបូតសុភាពរាបសារ និងស្រវាស្រទេញក្នុងការសិក្សាមួយរូប។
កញ្ញា ឌុំ រីដា មានអាយុ២២ឆ្នាំ មកពីភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ រីដា ជាកូនស្រីមកពីគ្រួសារមានជីវភាពក្រីក្រមួយក្នុងខេត្តកណ្តាល ហើយក៏ជាអ្នកប្រឹងប្រែងស្រវាស្រទេញមួយរូបក្នុងការសិក្សាផងដែរ។ កញ្ញាជាសិស្សឆ្នើមមួយរូប និងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់»។
បើតាមឪពុករបស់ រីដា បានឲ្យដឹងថា រីដា សិក្សាឆ្នាំទី៤ ហើយជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ មរណភាពរបស់ រីដា មិនត្រឹមតែក្រុមគ្រួសារទេ ដែលសោកស្តាយ មិត្តភក្តិ និងគ្រូៗបង្រៀននៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ក៏បានសម្តែងការសោកស្តាយជាពន់ពេកផងដែរ។ ម្តាយរបស់ កញ្ញា ឌុំ រីដា ឈ្មោះ ផាត់ ពៅ ចំណែកឪពុកឈ្មោះ ឌុំ វុធ។
លោក ដេត សុខឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យផារ៉ាហ្គន បានលើកឡើងជាមួយអារម្មណ៍ក្តុកក្តួលថា មរណភាពរបស់កញ្ញា រីដា ជាការបង់និស្សិតដ៏ឆ្នើមមួយរូប។
លោក ដេត សុខឧត្តម បានបញ្ជាក់លើ Facebook ដូច្នេះ «យើងបានបាត់បង់និស្សិតដ៏ឆ្នើមម្នាក់នៅក្នុងគ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់មួយ ដោយសារការបើកបរដែលខ្វះទំនួលខុសត្រូវ គ្មានគុណធម៌ក្នុងខ្លួនរបស់បុគ្គលម្នាក់។ សូមឲ្យវិញ្ញាណក្ខន្ធរបស់រីដាទៅកាន់សុគតិភព ហើយសង្ឃឹមថា នាងនឹងទទួលបានយុត្តិធម៌»។
ការទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជានោះ គឺជារឿងដ៏កម្រសម្រាប់អ្នកសិក្សាមកពីគ្រួសារមានជីវភាពខ្វះខាតដូចជាកញ្ញា រីដា។
បន្ទាប់ពីការប្រឹងប្រែងជម្នះឲ្យកូនសិក្សាអស់រយៈពេល ១៦ឆ្នាំ សល់តែបន្តិចទៀតប៉ុណ្ណោះក្តីរីករាយនឹងកើតមានសម្រាប់ក្រុមគ្រួសារពេលកូនស្រីជាទីស្រឡាញ់បញ្ចប់ការសិក្សារបស់គេ។ ប៉ុន្តែក្តីសង្ឃឹម ក្តីរីករាយរបស់ក្រុមគ្រួសារចំពោះកូនស្រី ដែលជាអ្នកចូលចិត្តសិក្សារៀនសូត្ររហូតបានអាហារូបករណ៍ពីសាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជា ត្រូវបានរលាយសូន្យអស់ព្រោះតែការបើកបរគ្មានទំនួលខុសត្រូវ។
មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេងរបស់ក្រុមគ្រួសារ។
កញ្ញា ឌុំ រីដា ត្រូវបានរថយន្តត្រូវបានរថយន្តស៊េរីទំនើបម៉ាក Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកបើុងដូចក្រដាសបណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម៌ នៅខណ្ឌទួលគោកនៅរសៀលថ្ងៃនេះពេលកញ្ញាកំពុងជិះម៉ូតូធ្វើដំណើរទៅកាន់សាលា។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា៕