(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តទាំងអស់ ត្រូវពង្រឹងវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជន ដើម្បីផ្តល់ទំនុកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ការអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួម បិទសន្និបាតបូកសរុបការងារសុខាភិបាល ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អជ្ញាធរក្រុង-ស្រុក-ឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានថ្លែងថា វិស័យសុខាភិបាលនៅក្នុងខេត្តព្រះវិហារ រយៈពេលប៉ុន្មានឆ្នាំនេះ គឺបានផ្តល់នូវសេចក្តីទុកចិត្ត ជឿជាក់ដល់ប្រជាពលរដ្ឋភាកច្រើននៅក្នុងខេត្ត ព្រោះកន្លងមកប្រជាពលរដ្ឋមួយចំនួនពេលដែលគាត់ត្រូវពិនិត្យជំងឺគឺគាត់ទៅខេត្តផ្សេងៗ ដូចជាខេត្តសៀមរាប ខេត្តកំពង់ធំ រាជធានីភ្នំពេញ ឬក៏ក្រៅប្រទេសតែម្តង។ ប៉ុន្តែបច្ចុប្បន្ននេះ គឺគាត់ជ្រើសរើសយកសេវាសុខភាព នៅក្នុងខេត្តរបស់យើង ដោយមិនបាច់ចំណាយពេលវេលា ចំណាយថវិកាទៅរកពេទ្យខាងក្រៅទៀតទេ។

លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យវិស័យមួយចំនួន មានការកែទង្រង់យ៉ាងច្រើន ដើម្បីឆ្លើយតបនិងការចង់បានរបស់ប្រជាពលរដ្ឋ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋ មានការគាំទ្រយ៉ាងខ្លាំង។ ដែលករណីនេះ លោកសូមឱ្យមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនទៀត ត្រូវបន្តអនុវត្តន៍ការងាររបស់ខ្លួនឱ្យស្របតាមណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ស្របតាមការណែនាំរបស់អជ្ញាធរខេត្ត ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យបានល្អ ឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ។

ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា ក៏បានធ្វើការណែនាំឱ្យមន្ត្រីសុខាភិបាលរបស់យើង ត្រូវធ្វើការត្រួតពិនិត្យមើលចំពោះគុណភាពចំណីអារហារ ដោយសហការជាមួយមន្ត្រីកាំកុងត្រូល ពិសេសចំណីអារហារដែលលក់ដូរនៅតាមសាលារៀន។ ទន្ទឹមនឹងនោះត្រូវលុបបំបាត់កន្លែងលក់ ឱសថក្លែងក្លាយ កន្លែងពិនិត្យព្យាបាលជំងឺដែលគ្មានច្បាប់អនុញ្ញាតិ និងលុបបំបាត់ការផ្សព្វផ្សាយការលក់ផលិតផល សុខភាពនានា ដែលគ្មានច្បាប់អនុញ្ញាតិ ដែលគេតែងលក់តាមអនឡាញជាដើម៕