(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងចុះជួសជុលកែលម្អ ផ្លូវ១ខ្សែ ចាក់កៅស៊ូនៅចំណុចខាងកើតសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសីរីសោភ័ណ ដើម្បីត្រៀមរៀបចំសង្ក្រាន្ត នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុននេះ។
ការចុះជួសជុលកែលម្អផ្លូវនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋក្រុងសិរីសោភ័ណ សប្បាយចិត្តយ៉ាងខ្លាំងចំពោះប្រតិបត្តិការ របស់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំខេត្តផងដែរ។
លោកចៅសង្កាត់ស្តីទីសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានឱ្យដឹងថា ផ្លូវទីសាធារណៈសួនច្បារ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនក្នុងក្របខណ្ឌរដ្ឋបាល ខេត្តបន្ទាយមានជ័យគ្រប់គ្រង គឺស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ព្រះពន្លា បានទទួលការយកចិត្តទុកដាក់ស្ថាបនាជួសជុល កែលម្អទាំងនេះនាំ ឲ្យសង្កាត់មានមោទនភាពយ៉ាងខ្លាំងជាងនេះទៅទៀត នាំឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវមកលេងមានការពេញចិត្ត។
លោក សួន បវរ បានថ្លែងថា ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវនិងកែលម្អរសោភ័ណនាសួនមានជ័យកណ្តាលក្រុងនេះរាល់សកម្មភាព ធ្វើឡើងដើម្បីសោភ័ណ ភាពលក្ខណ:ល្អសម្រាប់ធ្វើទីតាំង សង្ក្រាន្តបន្ទាយមានជ័យ នៅពេលខាងមុខនេះ។
លោកអភិបាលខេត្តបន្តថា ក្នុងនោះមានជួសជុលកែលម្អរផ្លូវបេតុងមីណឺលើផ្លូវខាងកើត សូនមានជ័យ ឬហៅវេទិកាខេត្ត និងផ្លូវខ្នែងទៅប្លុកអក្សរអ៊ុយ លើផ្ទៃក្រឡាជិត៤,០០០ម៉ែត្រក្រឡា ទន្ទឹមនឹងនេះបន្ទាន់ដែរអាជ្ញាធរ និងក្រុមការងារតាមមុខងារមានក្នុងតួនាទី ភារកិច្ចត្រូវកែលម្អគ្រប់ផ្នែក នៃបរិវេណសួនមានជ័យ នៅជាប់នោះក៏ដូចតាមផ្លូវនិងទីសាធារណ: ទាំងឡាយ ក្នុងគោលដៅក្នុងសង្កាត់ព្រះពន្លា អូរអំបិល កំពង់ស្វាយ និងទឹកថ្លាឱ្យបានទាន់ពេលវេលា សម្រាប់ត្រៀមសង្ក្រាន្តខេត្តបន្ទាយមានជ័យ ដែលរៀបចំធ្វើឡើងធំ៣ឆ្នាំជាប់ៗគ្នាកន្លងមកនេះ។
លោកអភិបាលខេត្តបានបង្ហើបដែរថា នៅពេលខាងមុខ អាជ្ញាធរខេត្តនឹងឱ្យជួសជុលក្រាលបេតុងមីណឺ លើផ្លូវជុំវិញផ្សារចម្ការហៅផ្សារថ្មីនា សង្កាត់កំពង់ស្វាយ លើផ្ទៃជាង៥,០០០ម៉ែត្រក្រឡា ផងដែរ។
សូមរំលឹកថា នៅខេត្តបន្ទាយមានជ័យ សម្រាប់បុណ្យចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋបាលខេត្តសហការ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី៣ កន្លែងដូចកាលពីឆ្នាំ២០១៨ ទី១៖ សង្ក្រាន្តបន្ទាយមានជ័យ ធ្វើនៅសួនមានជ័យ ក្រុងសិរីសោភ័ណ ទី២៖ សង្ក្រាន្តបន្ទាយឆ្មារ ធ្វើនៅប្រាសាទបន្ទាយឆ្មារស្រុកថ្មពួក និងទី៣៖ សង្ក្រាន្តប៉ោយប៉ែត ធ្វើនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕