(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងស្វះស្វែងរកតាមចាប់ទាំងអ្នកបើក និងរថយន្ត Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 ដែលបានបុកនិស្សិតស្រីម្នាក់ប៉ើងដូចក្រដាស បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា «នៅពេលនេះខ្ញុំបាន និងកំពុងតាមស្វែងរកចាប់ខ្លួន ទាំងមនុស្ស និងរថយន្ត គឺមិនឲ្យរួចខ្លួនឡើយ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបាន»។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់អត្តសញ្ញាណម្ចាស់រថយន្ត មន្រ្តីនគរបាលជំនាញ បានស្គាល់អស់ហើយ និងកំពុងស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់ខ្លួន។

យោងតាមប័ណ្ណសម្គាល់រថយន្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីមន្រ្តីនគរបាលជាន់ខ្ពស់បានបង្ហាញថា ម្ចាស់រថយន្ត Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 មានឈ្មោះ សេង ពិទូ មានអាស័យដ្ឋាន៖ ផ្ទះលេខ 170E0E1 ផ្លូវ១៣០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នារីរងគ្រោះ(ស្លាប់) ជានិស្សិតផងនោះ ខណៈកំពុងជិះម៉ូតូត្រូវបានស៊េរីទំនើបម៉ាក Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាសបណ្ដាលឲ្យស្លាប់ យ៉ាងអណោចអធម៌ នៅខណ្ឌទួលគោក (ដូចក្នុងវិដេអូ)។ នារីរងគ្រោះឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គ្រោះថ្នាក់ចរាចរណ៍ដែលមើលទៅគួរឲ្យរន្ធត់ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមរយៈវីដេអូកាំមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេបំពាក់នៅក្បែរកន្លែងកើតហេតុ និងដែលត្រូវគេចែកចាយតាមបណ្ដាញសង្គម Facebook មានរយៈពេលជិត១នាទី បានឃើញរថយន្ដ Rangrover មួយគ្រឿងនេះ បើកក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ផ្លូវបែកជា៤ ក៏បានបុកនារីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ជាមួយនឹងវីដេអូដែលត្រូវបានគេចូលមើលរាប់ពាន់នាក់ និងចែករំលែកតាមបណ្ដាញសង្គមយ៉ាងព្រោងព្រៀតនេះ មហាជនបានទទូច និងអំពាវនាវដល់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយតាមចាប់អ្នកបើករថយន្ដបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់នារីរងគ្រោះ៕