(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ការចូលរួមចំណែកយ៉ាងសកម្មពីម្ចាស់ជំនួយ អង្គការដៃគូមន្ដ្រីពាក់ព័ន្ធ ជាកត្ដាជំរុញដ៏សំខាន់បំផុត ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។

ការថ្លែងដូច្នេះរបស់លោកស្រីរដ្ឋលេខាធិការ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំលើកទី១៣ របស់គណៈកម្មការដឹកនាំប្រតិបត្តិថ្នាក់តំបន់ សម្រាប់គម្រោងផ្តួចផ្តើមលុបបំបាត់ភាពស៊ាំ ថ្នាំអាតេម៉ីសេនីន របស់ជំងឺគ្រុនចាញ់ នៅសណ្ឋាគាឡឺរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា «ការចូលរួមចំណែកយ៉ាងសកម្ម ពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចំាបាច់បំផុត ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្នុងដំណាក់កាលដំបូង ត្រូវលុបបំបាត់ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ២០២០»

ជាងនេះទៅទៀត លោកស្រីរដ្ឋលេខាធិការ បានថ្លែងទៀតថា «អត្រាស្លាប់ដោយជំងឺគ្រុនចាញ់ បានថយចុះយ៉ាងខ្លាំង មានតែ២០នាក់ ដែលបានរងគ្រោះដល់ជីវិតនៅក្នុងតំបន់ តែដោយឡែកមិនមានករណីស្លាប់ទេនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨កន្លងទៅនេះទេ»

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងការកោតសរសើរ នូវសមិទ្ធិផលសម្រេចបាន ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០១៨កន្លងមក សំដៅសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមយុទ្ធសាស្ត្រជាតិនៃបណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ ដល់មន្ដ្រីសុខាភិបាល ម្ចាស់ជំនួយ អង្គការដៃគូ ដែលអនុវត្ដបានលទ្ធផលល្អ នូវយុទ្ធសាស្ដ្រលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងមហាអនុតំបន់មេគង្គ និងជំរុញការធ្វើអន្តរាគមន៍ដល់សហគមន៍ ដែលប្រឈមនឹងជំងឺគ្រុនចាញ់ សំដៅលុបបំបាត់ជំងឺនេះ នៅឆ្នាំ២០២៥ ។

លើសពីនោះទៀត លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ជាគន្លឹះបន្ថែមថា៖

*ស្នើជំរុញ អនុវត្តន៍ការងារនេះបន្ថែមទៀត ដោយត្រូវចុះជួបប្រជាជនដោយផ្ទាល់ ផ្តល់ការអប់រំ និងស្វែងយល់ពីតំរូវការជាក់ស្តែង

*ត្រូវមានមុងគ្រប់គ្រាន់ សម្រាប់ប្រើនៅពេលចូលទៅធ្វើការ និងសំរាកក្នុងព្រៃ (បើប្រជាពលរដ្ឋនៅមិនទាន់បានទទួលនូវសារអប់រំ ដែលចាំបាច់សម្រាប់ការពារកុំឲ្យឆ្លងជំងឺគ្រុនចាញ់ ដែលយើងទាំងអស់គ្នាត្រូវតែរិះរកវិធី ដើម្បីចែកចាយមុង និងសារអប់រំសុខភាពនេះ ឲ្យបានដល់សហគមន៍ និងជនងាយរងគ្រោះដោយសារជំងឺគ្រុនចាញ់ ពិសេស ប្រជាជនដែលនៅតំបន់មានគ្រុនចាញ់»។

*ស្នើសុំដៃគូទាំងអស់ ពិនិត្យលើលទ្ធភាពក្នុងការជួយអន្តរាគមន៍បន្ថែម បង្រ្គប់លើចំណុចដែលមិនទាន់មានការគាំទ្រ ដើម្បីឲ្យអន្តរាគមន៍របស់យើង អាចធ្វើទៅបានគ្រប់ជ្រុងជ្រោយ ដោយពិភាគ្សាគ្នាស្វែងរកចំណុចដែលត្រូវបំពេញបន្ថែមជាចាំបាច់ ហើយជំងឺគ្រុនចាញ់ គឺនៅតាមតំបន់ព្រៃភ្នំ ជនបទ មិនមែននៅតាមទីក្រុងនោះឡើយ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវតែចុះដល់សហគមន៍ជាចាំបាច់ ដើម្បីធ្វើការជាមួយពួកគាត់ ជួយពួកគាត់ លើការអនុវត្តវិធានការការពារជងឺគ្រុនចាញ់ ក៏ដូចជាផ្តល់ការណ្យាបាលឲ្យបានទាន់ពេលវេលាផងដែរ

*ជំរុញលើកទឹកចិត្តដល់អ្នកទាំងអស់គ្នា ចូលរួមក្នុងការពិនិត្យមើលវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលរាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងថ្លែងអំណរគុណដល់អង្គការមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ និងដៃគូសុខាភិបាលដ៏ទៃទៀត ដែលបានគាំទ្រដល់ប្រទេសកម្ពុជា ឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់។

លើសពីនោះ លោកស្រីរដ្ឋលេខាធិការ បានបន្តទៀតថា «ខ្ញុំមានមោទនភាព ក្នុងការរំលឹកឡើងវិញថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំដ៏គួរឱ្យកត់សម្គាល់មួយ សម្រាប់ការអនុវត្តក្របខ័ណ្ឌ សកម្មភាពកម្ចាត់ជំងឺគ្រុនចាញ់ (MEAF) និងសកម្មភាពផែនការយុទ្ធសាស្រ្តគ្រុនចាញ់ជាតិ នៅកម្ពុជា ដែលជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ កម្រិតជំងឺគ្រុនចាញ់ ដែលត្រូវបានគេមើលឃើញថា មានការកើនឡើងនោះ បានចាប់ផ្តើមធ្លាក់ចុះ ហើយគោលដៅក្នុងការលុបបំបាត់មេរោគ P. Falciparum នៅឆ្នាំ២០២៥ គឺជាគោលដៅប្រាកដប្រជា ដែលនិងអាចសម្រេចបាន។

សូមជម្រាបថា កិច្ចប្រជុំលើកទី១៣ របស់គណៈកម្មការដឹកនាំប្រតិបត្តិថ្នាក់តំបន់សម្រាប់គំរោងផ្តួចផ្តើមលុបបំបាត់ភាពស៊ាំថ្នាំអាតេម៉ីសេនីន របស់ជំងឺគ្រុនចាញ់នេះ មានវត្តមានចូលរួមពីសំណាក់ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ តំណាងប្រទេសចំនួន៥ (កម្ពុជា ឡាវ វៀតណាម ភូមា និងថៃ) តំណាងអង្គការសុខភាពពិភពលោក តំណាងអង្គការមូលនិធិសកល តំណាងម្ចាស់ជំនួយ តំណាងអង្គការUNOPS និងតំណាងអង្គការដៃគូអភិវឌ្ឍន៍នានាចំនួនសរុប៩០នាក់៕