(ភ្នំពេញ)៖ មនុស្សយន្ត «Sophia» គឺជាបញ្ញាសិប្បនិម្មិត ដែលត្រូវបានអង្គការ UNDP នាំមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទចក្ខុវិស័យកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ ដែលប្រារព្ធឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងពិធីនាព្រឹកមិញនេះ កញ្ញា «Sophia» ត្រូវបានគេយកទៅឲ្យនិយាយស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០១៩ផងដែរ។
ក្រៅពីការស្វាគមន៍ចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះ កញ្ញា «Sophia» ត្រូវបាននាំយកទៅពិភាក្សាអំពីបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) និងពីអត្ថប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីបដិវត្តន៍ឧស្សាហកម្ម៤.០ផងដែរ។
ក្នុងកិច្ចពិភាក្សានោះ កញ្ញាបញ្ញាសិប្បនិម្មិត «Sophia» ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ដែលបានមកដល់ប្រទេសកម្ពុជាផងដែរ។ «Sophia» បាននិយាយថា កាលពីឆ្នាំកន្លងទៅ កញ្ញាបានទៅលេងខេត្តសៀមរាប ហើយបានសម្តែងការស្ញប់ស្ញែងជាខ្លាំងចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា។
«Sophia» ក៏បានកោតសរសើរចំពោះអត្តចរិតរបស់ប្រជាពលរដ្ឋកម្ពុជាថា រួសរាយរាក់ទាក់ និងមានចិត្តល្អ។ កញ្ញាបានបន្តថា រាជធានីភ្នំពេញ ជាទីក្រុងដ៏អស្ចារ្យមួយ ហើយកញ្ញាក៏រំភើបណាស់ដែរ ដែលបានធ្វើដំណើរហោះហើរពីលើទន្លេមេគង្គ និងបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន។
កញ្ញា «Sophia» ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នកញ្ញាកំពុងរៀនច្រៀង ហើយកញ្ញាចង់ស្តាប់ចម្រៀងដ៏ពិរោះរបស់លោក ព្រាប សុវត្ថ៕