(សៀមរាប)៖ ជនដែលសរសេរពាក្យប្រមាថនៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយកទៅបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គម Facebook ដែលនាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងកក្រើកពីមហាជនខ្មែរទូទៅ ត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ឆែ វីរៈ ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អោង សុខអាន ហៅសង្វារ ឬហ្វា ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងមានផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៦នៃក្រមព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ត្រី ហួត សុទ្ធី ស្នងការរងនគរបាលទទួលផែនសន្ដិសុខ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ជនត្រូវចោទត្រូវបានសមត្ថកិច្ចរបស់លោក បញ្ជូនទៅកាន់ពន្ធនាគារហើយនៅល្ងាចថ្ងៃនេះ។
សូមបញ្ជាក់ថា អ្នកលេងបណ្តាញសង្គម Facebook ម្នាក់នេះ ដែលសមត្ថកិច្ចប្រាប់ថា ជាតារាបង្ហាញម៉ូដផងនោះ ត្រូវបាននគរបាលហៅមកសួរនាំនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីបុគ្គលរូបនេះ បានសរសេរពាក្យប្រមាថនៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយកទៅបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមមួយនេះ នាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងកក្រើកពីសំណាក់មហាជន និងប្រជាពលរដ្ឋនៅក្នុងប្រទេស។
Account Facebook ឈ្មោះ «Ong sonAn» បានសរសេរពាក្យប្រមាថ «ឆ្កែ» នៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួចយកទៅបង្ហោះជាសាធារណៈ នាំឲ្យមានប្រតិកម្មភ្លុកទឹកភ្លុកដីពីមហាជន រហូតមានអ្នកចេញមុខដាក់ពាក្យប្តឹង ទៅកាន់សមត្ថកិច្ចទៀតផង។
លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ថា សម្រាប់ករណីនេះ ជនត្រូវចោទនៅតែមិនទទួលស្គាល់ទោសកំហុសរបស់ខ្លួន ប៉ុន្តែយោងតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ បានបង្ហាញថា ជននេះពិតជាបានសរសេរពាក្យប្រមាថប្រាកដមែន ដោយទូរស័ព្ទទាំង២គ្រឿងរបស់គេ មិនត្រូវបានគេ Hack នោះទេ៕