(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលជួបលោក Michael Tse ប្រធានក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែលមានទីស្នាក់ការធំនៅទីក្រុងហុងកុង ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃផែនការវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្ម នៅកម្ពុជាលើផ្លែស្វាយ និងដំឡូងមី និងណែនាំជូន លោករដ្ឋមន្ត្រីស្គាល់ពីក្រុមហ៊ុនជាដៃគូ ហើយក៏ជាអ្នកជំនាញក្នុងការកែច្នៃដំឡូងមី មកពីប្រទេសកាណាដា។

រោងចក្រកែច្នៃដំឡូងមី ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ហើយនឹងបើកដំណើរការសាកល្បង នាខែឧសភាខាងមុខនេះ នៅលើផ្ទៃដីសរុបជាង ២០ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវចំណាយទុនវិនិយោគជាង២០លានដុល្លារសហរដ្ឋអាមេរិក។

ប្រធានក្រុមហ៊ុន Green Leader បានបញ្ជាក់ថា រោងចក្រកែច្នៃដំឡូងមីនេះ នឹងមានសក្តានុពលកែច្នៃដំឡូងមីទៅជាម្សៅបានចំនួន១៣០ពាន់តោនក្នុងមួយឆ្នាំ និងអាចស្រូបយកវត្ថុធាតុដើមដំឡូងមីចំនួន៥០០ពាន់តោន ហើយក្នុងអំឡុងពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនក៏មានគម្រោងសាងសង់រោងចក្រខ្នាតធំនេះឲ្យបាន ២០រោងចក្រទូទាំងប្រទេស។

លោកប្រធានក្រុមហ៊ុនបន្ថែមទៀតថា ដើម្បីឲ្យការផែនការវិនិយោគនេះ ទទួលបានជោគជ័យ ក្រុមហ៊ុនបានបង្កើតកិច្ចសហការយ៉ាងល្អប្រសើរ និងប្រទាក់ក្រឡាគ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ UNDP Cambodia ដោយបានសម្រេចការសិក្សា ស្រាវជ្រាវផែនការដាំដុះ និងផ្ទៃដីដាំដុះដំឡូងមីរបស់ប្រជាកសិករជាង ៥.៥ពាន់គ្រួសារ លើផ្ទៃដីជាង៣០ពាន់ហិកតា នៅក្នុងតំបន់គោលដៅ។ ហើយអ្វីដែលជាមោទនៈនោះគឺ បានរួមគ្នាចងក្រងប្រជាកសិករទាំងនោះទៅជា២៧សហគមន៍ ហើយកំពុងឈានឆ្ពោះទៅបញ្ចប់ការចរចា ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយពួកគាត់។

ពាក់ព័ន្ធនឹងរោងចក្រកែច្នៃផ្លែស្វាយ នៅខេត្តកំពង់ស្ពឺ ដែលមានលទ្ធភាពនាពេលបច្ចុប្បន្ននេះ បានធ្វើការកែច្នៃជាដំណាប់ស្វាយបានចំនួន ២ពាន់តោនក្នុងឆ្នាំ ហើយនៅបំណាច់ខែមេសាខាងមុខនេះ នឹងមានរោងចក្រថ្មីមួយទៀតអាចដំណើរការ ដែលឈានទៅដល់ការផលិតដំណាប់ស្វាយបាន៣ពាន់តោនក្នុងមួយឆ្នាំបន្ថែមទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានបញ្ជាក់ផងដែរថា កំពុងដំណើរការយ៉ាងល្អប្រសើរ ដោយមានការបញ្ជាទិញពីបរទេសជាបន្តបន្ទាប់ ហើយក្រុមហ៊ុននឹងអញ្ជើញលោករដ្ឋមន្ត្រីទៅសម្ពោធរោងចក្រកែច្នៃផ្លែស្វាយទី២ ស្ថិតនៅខេត្តកំពង់ស្ពឺនោះដែ រក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយកំពុងសិក្សាសាងសង់រោងចក្រ បន្ថែមទៀតនៅខេត្តកំពង់ចាមផងដែរ។

លោករដ្ឋមន្ត្រីបានសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងលោកបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវលទ្ធផលដែលរំពឹងទុក និងជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលរាជរដ្ឋាភិបាល សម្រេចបានតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមការអនុវត្តគោលនយោបាយ វិនិយោគវិស័យឯកជន ក្នុងការកែច្នៃវត្ថុធាតុដើម ទៅជាផលិតផលសម្រេច សម្រាប់ធ្វើការនាំចេញ ហើយនេះគឺជាគោលនយោបាយដ៏ត្រឹមត្រូវមួយ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម បង្កើនតម្លៃបន្ថែម បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក ធានាតម្លៃ និងទីផ្សារស្វាយ និងដំឡូងមីជូនប្រជាកសិករ ដោយអនុវត្តតាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការកែច្នៃផ្លែល្ហុង មៀន និងម្នាស់ ដែលផលិតផលទាំងនេះ កំពុងមានសក្តានុពលខ្ពស់ទាំងការដាំដុះ និងទីផ្សារ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារួមការនាំចេញផ្លូវការនៃផលិតផលស្វាយទូទាំង ប្រទេសសរុបបានចំនួន ១៥,២៨២តោន និងផលិតផលដំឡូងមីចំនួន១.០៨លានតោន៕