(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានចេញលិខិតមួយ បដិសេធសំណើ សុំបង្កើតគណបក្សឈ្មោះ «ចក្រភពខ្មែរ» របស់លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដោយសារតែឈ្មោះនេះជាអតីតឈ្មោះប្រវត្តិសាស្រ្តរបស់កម្ពុជា។
តាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Frehs News ទទួលបាន នៅថ្ងៃនេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ តម្រូវឱ្យលោក រៀល ខេមរិន្ទ្រ ធ្វើការផ្លាស់ប្តូរឈ្មោះ នៃគណបក្ស«ចក្រភពខ្មែរ»នេះផងដែរ។
សូមបញ្ជាក់ថា លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយឡើងវិញ បន្ទាប់ពីដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។
នៅក្នុងលិខិតផ្លូវការរបស់លោក រៀល ខេមរិន្រ្ទ ពាក់ព័ន្ធនឹងការស្នើសុំសិទ្ធិធ្វើនយោបាយនេះ បានបញ្ជាក់ថា លោកមានបំណងចង់បង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣ នាពេលខាងមុខនេះតែម្តង៕
ខាងក្រោមនេះជាលិខិតក្រសួងមហាផ្ទៃ៖