(ភ្នំពេញ)៖ ដើម្បីចូលរួមការពារ អភិវឌ្ឍជីវៈចម្រុះ នៅក្នុងឧទ្យានជាតិតេជោសែន ឫស្សីត្រឹប ខេត្តព្រះវិហារនោះ ក្រុមហ៊ុនឯកជនរបស់ស៊ុយអែត បានចាប់អារម្មណ៍ ព្រមទាំងបានចុះអនុស្សារណៈយោគយល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការការពារបរិស្ថាន ជីវៈចម្រុះដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាមួយនេះ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នារវាងលោក Love Engluand ប្រធានក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំកម្ពុជា ដោយមានការអញ្ជើញដឹងឮពីសំណាក់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកស្រី រៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា រួមទាំងតំណាងភាគីទាំងពីរយ៉ាងច្រើន នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា រយៈពេល១ឆ្នាំកន្លះនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំដាំកូនឈើចំនួន២៥ហិចតា ជីកស្រះត្រៀមបម្រុងទុកឱ្យសត្វព្រៃដែលនៅក្នុងផឹកនៅរដូវប្រាំងផងដែរ។ រាជបណ្ឌិត្យសភាកម្ពុជា នឹងបង្កើតជាសារៈមន្ទីរមួយនៅទីនោះ ពីព្រោះមានវត្ថុជាច្រើន នៅឧទ្យាននោះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងព្យាយាមការពារនូវសត្វព្រៃនៅទីនោះ និងបង្កើតជាមជ្ឈមណ្ឌលនៅទីនោះ ដើម្បីធ្វើឱ្យឧទ្យាននោះកាន់តែមានភាពទាក់ទាញ។
លោកស្រី រៀ សាគ្រិន បានលើកឡើងថា ការចុះអនុស្សារណៈរវាងក្រុមហ៊ុនមកពីប្រទេសស៊ុយអែត ជាមួយរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃនេះ ដោយសារតែប្រទេសទាំងពីរមានភាពស្រដៀងគ្នា ទៅនឹងចក្ខុវិស័យក្នុងកិច្ចការពារជីវៈចម្រុះ ដូច្នេះ កិច្ចការនេះវានឹងមានសារៈសំខាន់ខ្លាំងណាស់ រវាងប្រទេសទាំងពីរ។
លោកស្រី បានបន្តថា ក្រុមហ៊ុនឯកជនរបស់ស៊ុយអែត នឹងចូលរួមអភិវឌ្ឍធនធានចម្រុះធម្មជាតិ នៅក្នុងឧទ្យានជាតិតេជោសែន ឫស្សីត្រឹប ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ជាក់ស្តែងនៅក្នុងវប្បធម៌របស់ប្រទេសស៊ុយអែត ព្រៃឈើមិនត្រឹមតែជាអំណោយពីធម្មជាតិ តែមួយមុខនោះទេ គឺជាចំណុចសំខាន់មួយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ស៊ុយអែត។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គ្របដណ្តប់ដោយព្រៃឈើ ក្នុងទំហំ ១១,៤៣៥ គីឡូម៉ែត្រក្រឡា។ ស្ថិតក្រោមព្រៃឈើដ៏ច្រើននេះ អ្នកចូលរួមទស្សនាទាំងជាតិ និងអន្តរជាតិ អាចស្វែងយល់ពីធម្មជាតិដ៏សំបូរបែប និងទទួលបានអារម្មណ៍ស្រស់ស្រាយ។ លើសពីនេះ ភ្ញៀវទេសចរ អាចទទួលបទពិសោធន៍នៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលរស់អាស្រ័យធម្មជាតិ ដូចជា កសិកម្ម សត្វព្រៃ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានសក្តានុពលទៅលើ បេតិភណ្ឌប្រវត្តិសាស្ត្រ បុរាណវិទ្យា បរិស្ថាន ធម្មជាតិ ទេសចរណ៍ និងជាតិពិន្ធុវិទ្យា។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានបេតិភណ្ឌប្រវត្តិសាស្ត្រ និងវត្ថុបុរាណ ដែលងាយស្រួលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីទំនៀមទំលាប់ការរស់នៅរបស់ប្រជាជនខ្មែរនៅសម័យបុរាណ។ ជាពិសេស អ្នកស្រាវជ្រាវ និងសិស្សនិស្សិត នឹងទទួលបានទស្សនា ស្លដែកបុរាណ និងស្វែងយល់ពីការស្លដែករបស់ប្រជាពលរដ្ឋខ្មែរ នៅសម័យបុរណ ដែលបំរើដល់ការប្រកបរបរកសិកម្ម និងគ្រឿងប្រើប្រាស់ផ្សេងៗ៕