(កំពង់ធំ)៖ តំណាងលោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក ឆ្លងខ្លោងទ្វារវត្តត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយ ខេត្តកំពង់ធំ និងបើកការដ្ឋានជួសជុលផ្លូវលំក្នុងឃុំ១ខ្សែ ចាប់ពីវត្តត្នោតជុំ ទៅដល់ភូមិព្នៅ ក្នុងឃុំត្នោតជុំ។

លោក នី ផល្លី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងជាតំណាងលោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានដឹកនាំគ្រឿងចក្រមណ្ឌលអភិវឌ្ឍ សម្តេចតេជោ ហ៊ុន សែន ទី៥ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីបើកការដ្ឋានជួសជុលផ្លូវឃុំចំនួន ០១ខ្សែ ចាប់ពីវត្តត្នោតជុំ ក្នុងភូមិត្នោតជុំទី១ ទៅដល់ភូមិព្នៅ ក្នុងឃុំត្នោតជុំ ដែលមានបណ្តោយប្រវែង ៣០០០ ម៉ែត្រ។

លោកបានលើកឡើងថា ការជួសជុសផ្លូវនេះ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ ក៏ដូចជាដឹកកសិកផលរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល មានជាអាទិ៍ដូចជា៖ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងព្រះសង្ឃក្នុងការធ្វើដំណើរនិងនិមន្តទៅមក ជាពិសេសជួយដល់ប្រជាកសិករ ក្នុងការដឹកជញ្ជូនស្រូវ និងកសិផលនានាទៅកាន់ទីផ្សារបានកាន់តែឆាប់រហ័ស ដែលនឹងធ្វើឲ្យការចំណាយលើការដឹកជញ្ជូននឹងត្រូវកាត់បន្ថយ ប្រាក់ចំណេញកើនឡើង ឈានទៅលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំឲ្យមានភាពកាន់តែល្អប្រសើរឡើង។

គួរបញ្ជាក់ថា ផ្លូវខាងលើនេះត្រូវបានកសាងតាំងពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន ផ្លូវនេះមានសភាពខូចខាតយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋ និងប្រជាកសិករ មានការលំបាកក្នុងការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនស្រូវនិងកសិផលនានាទៅកាន់ទីផ្សារ ពិសេសក្នុងរដូវវស្សា៕