(ព្រៃវែង)៖ ករណីបាញ់សម្លាប់អ្នកបើករថយន្ដម្នាក់ ដោយចោទប្រកាន់ថា ជាចោរលួចរថយន្ដនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានា នៅក្នុងមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែងនោះ គិតត្រឹមរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ជនពាក់ព័ន្ធនៅក្នុងអំពើឃាតកម្មមួយនេះ ចំនួន៦នាក់ ក្នុងនោះ មានទាំងនាយនគរបាលប៉ុស្ដិ៍ម្នាក់ផង ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ដើម្បីបញ្ជូនទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ផ្កាយបី ឆាយ គឹមខឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រៅពីជនពាក់ព័ន្ធទាំង៦នាក់ សមត្ថកិច្ចក៏បានហៅមនុស្សចំនួន៤នាក់ផ្សេងទៀត ប៉ុន្ដែគ្រាន់តែជាសាក្សី និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ តែនៅពេលសមត្ថកិច្ចត្រូវការសួរនាំនោះ ពួកគេត្រូវការចូលខ្លួនមកបំភ្លឺ តាមការកោះអញ្ជើញ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានអះអាងថា ជនដៃដល់ដែលបានបាញ់សម្លាប់ជនរងគ្រោះ មានឈ្មោះ ជឹម រតនៈ ដែលជាមន្ដ្រីនគរបាល តួនាទីជាប្រធានផ្នែក នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននិងកំពុងរត់គេចខ្លួន។
យោងតាមព័ត៌មានពីមូលដ្ឋានឈ្មោះ ជឹម រតនៈ នេះជាកូនប្រុសលោក ជឹម សុខ ដែលនិយមហៅថា ជាឧកញ៉ា រកស៊ីទិញលក់គោ ក្របី និងនាំទៅកាន់ប្រទេសវៀតណាមដ៏ល្បីមួយ នៅក្នុងទឹកដីខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ ដែលត្រូវឃាត់ខ្លួននោះ រួមមាន៖
*ទី១៖ លោកអនុសេនីយ៍ឯក ជា ឡាឌីន នាយនគរបាលប៉ុស្ដិ៍កំពង់សឹង្ហ ស្រុកព្រះស្ដេច ដែលជាអ្នកដឹកនាំកម្លាំងដោយផ្ទាល់ប្រព្រឹត្តបទល្មើសមួយនេះ
*ទី២៖ លោកអនុសេនីយ៍ទោ ជឹម វិន មន្ដ្រីនគរបាលប៉ុស្ដិ៍កំពង់សឹង្ហ ស្រុកព្រះស្ដេច ដែលត្រូវជាក្មួយបង្កើតរបស់លោកឧកញ៉ា ជឹម សុខ
*ទី៣៖ ឈ្មោះ វ៉ែន ប៊ុនសារ៉ាក់ ដែលជាអ្នករួមដំណើរនៅក្នុងប្រតិបត្តិការនេះ
*ទី៤៖ ឈ្មោះ សេង ឈិន ដែលជាម្ចាស់បណ្ដឹងដោយចោទជនរងគ្រោះជាចោរ
*ទី៥៖ ឈ្មោះ ផាន់ សុឌី
*ទី៦៖ ឈ្មោះ ឈុន ឡាយ ដែលជនទាំងពីរនាក់ ជាមិត្តភ័ក្ររបស់ដើមបណ្ដឹង ហើយត្រូវបានសមត្ថកិច្ចចោទថា ផ្ដល់សក្ខីកម្មមិនពិត ដែលនាំឲ្យមានការផ្ទុះអាវុធ រហូតស្លាប់ជនរងគ្រោះតែម្ដង។
លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំជនសង្ស័យទាំង៦នាក់នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឃើញ កម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយគ្រឿង ម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AF-2679។ ការដេញតាមរថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាជនសង្ស័យក្នុងអំពើលួចរថយន្តចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹងមកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS។
ផ្តើមចេញពីករណីនេះ ទើបកម្លាំងនគរបាលស្រុកព្រះស្តេច រួមជាមួយកម្លាំងអាវុធហត្ថផងដែរនោះ បានដេញរហូតយករថយន្តមួយគ្រឿងទៅពាំង ហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ ដែលកំពុងនៅខាងក្នុងរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់។
តាមសេចក្តីរាយការណ៍នានា បានបង្ហាញថា មូលហេតុមកពីជនរងគ្រោះ ទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើមបានយករថយន្តនោះ ទៅជួលឲ្យជនជាតិចិន ធ្វើឲ្យអ្នកទិញខឹង រហូតបានស្កាត់ទៅយករថយន្តពីជនជាតិចិនទាំងទទឹងទិស រួចបើកគេចមកស្រុកកំណើត។ ស្រាប់តែម្ចាស់ដើមស្រាវជ្រាវតាម GPS ដេញពីក្រោយ ប្ដឹងសមត្ថកិច្ច ថាចោរៗ ទើបសមត្ថកិច្ចស្ទាក់បាញ់សម្លាប់អ្នកទិញរថយន្តតែម្ដង ព្រោះស្មានថាចោរលួចរថយន្តដូចពាក្យបណ្ដឹង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន រ៉ាវុធ អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។ តាមដំណើររឿងឈ្មោះ ម៉ន រ៉ាវុធ និងឈ្មោះ វ៉ាន ខេមរិន មិនមែនជាចោរលួចរថយន្តទេ គឺរថយន្តនោះទិញបង់លុយមិនទាន់គ្រប់នៅខ្វះ ៣,០០០ដុល្លារទៀត។ នៅមុនពេលកើតហេតុ ជនរងគ្រោះដែលត្រូវគេបាញ់ស្លាប់ បានទិញរថយន្តនេះ
ដោយបង់រំលោះនៅខ្វះលុយ ៣,០០០ដុល្លារទៀត។ ហើយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ បានជួលរថយន្តនោះឲ្យទៅជនជាតិចិនសម្រាប់ជិះ។
ក្រោយមកជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្តខ្លួនត្រូវម្ចាស់ដើមយកទៅជួលឲ្យចិន ទើបខ្លួនស្កាត់ទៅយករថយន្តនោះពីជនជាតិចិនទាំងទទឹងទិស រួចបើកពីភ្នំពេញរត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន ខេមរិន។ ទន្ទឹមនិងនោះឈ្មោះ ផាន់ សុឌី គិតថា ទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង ហើយទៅយករថយន្តពីអតិថិជនអ្នកជួលបែបនោះទៀត និងមានបំណងគេច ទើបខ្លួនស្រាវជ្រាវតាម GPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ថាចោរលួចរថយន្តតែម្តង រហូតកម្លាំងសមត្ថកិច្ចព្រោងព្រាតចេញប្រតិបត្តិការបង្ក្រាបបែបនេះ។
សម្រាប់ករណីមួយនេះ ក៏មានការរិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច ដោយមិនទាន់បានប្រាកដប្រជាផង និងគ្រាន់តែមានពាក្យបណ្តឹង ឬការប្តឹងផ្ទាល់មាត់ ក៏ចេញប្រតិបត្តិការ រហូតបាញ់សម្លាប់យ៉ាងដូច្នេះ។
មន្រ្តីជាន់ខ្ពស់សាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងផងដែរ ជនរងគ្រោះបានរងការបាញ់ចំក្បាលចំនួន៥គ្រាប់ ពីសំណាក់ក្រុមមន្រ្តីនគរបាលទាំងនោះ ខណៈកំពុងតាមបង្ក្រាបដោយចោទថា ជាចោរលួចរថយន្តចេញពីទឹកដីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រៃវែង៕