(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នៅរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្ដន្ទាទោស លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ ឧកញ៉ា អ៉ឹង ម៉េងជឺ។
ក្រុមឧក្រិដ្ឋជនទាំង៥នាក់ ដែលត្រូវផ្ដន្ទាទោសដាក់មួយជីវិតនោះ រួមមាន៖ ទី១៖ លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២៖ឈ្មោះ ស៊ាង វាសនា, ទី៣៖ឈ្មោះ មាស សម្បត្តិ, ទី៤៖ឈ្មោះ កុយ ចាន់ថុល និងទី៥៖ឈ្មោះ ឈុំ ចិត្រា។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកាសសាលក្រមនេះ ក្រុមគ្រួសារសាច់ញាតិរបស់ក្រុមឧក្រិដ្ឋជនទាំង៥នាក់នេះ កំពុងតែធ្វើការតវ៉ា និងបិទផ្លូវសាធារណៈ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសារពួកគេមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការឡើយ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើង កាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល លោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មនុស្សយ៉ាងតិច១៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងនោះមានស្រី២នាក់ ករណីជាប់ពាក់ព័ន្ធឃាតកម្ម បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ។ ចំណែកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចអះអាងថា ជាមេខ្លោងនៃអំពើឃាត៕