(សៀមរាប)៖ សាខាកាំកុត្រូលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះអង្កេតត្រួតពិនិត្យទំនិញវេចខ្ចប់ តាមផ្សារញ៉ែ (តាភុល) ភូមិតាភុល សង្កាត់ថ្វាយដង្គំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុត្រូលខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងការចុះត្រួតពិនត្យ រកសារធាតុគីមីហាមឃាត់ និងបានធ្វើតេស្ដបឋម លើផលិតផលចំនួន ៩មុខ មានដូចជា៖ តៅហ៊ូ, ផ្សិតជើងទា, បង្គា, ប្រហិតកិនសាច់ត្រី, ជ្រក់ស្ពៃ ២គំរូ, ត្រពាំងហ៊ាន់, ជ្រក់ត្រសក់ និងផ្អកត្រីប្រា។
លោកបានបន្តថា ជាលទ្ធផលយើងបានរកឃើញ សារធាតុគីមីហាមឃាត់ នៅលើផលិតផលជ្រក់ស្ពៃមួយគំរូ ហើយបានធ្វើការដកហូតបានចំនួន ៤,៥០គីឡូក្រាម ទុកដុតកម្ទេចចោលភងដែរ។
ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។
លោក ព្រៅ ខេមរិទ្ធ ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លង បាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករទាំងអស់ ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទ នៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ៕