(ម៉ូស្គូ, រុស្ស៊ី)៖ ដំណើរទស្សនកិច្ច នៃគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានស្វាគមន៍ដោយឧត្តមសេនីយ៍ឯកវ្លាឌឺមៀរ ហ្សារ៉ូដីនស្គី (Vladimir Zarudnitsky) នាយកសាលាបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ីនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីម៉ូស្គូ។
ភាគីទាំងពីរ បានពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនង រវាងសាលាបណ្ឌិតសភាយោធារុស្ស៉ី និងកងទ័ពជើងគោកកម្ពុជាក្នុងការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពកងទ័ពកម្ពុជា។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី និងកងទ័ពសហព័ន្ធរុស្ស៉ីដែលបានគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អ នៅក្នុងការបណ្ដុះបណ្ដាលធនធាន កងទ័ពកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។
ភាគីរុស្ស៊ីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក។ ភាគីរុស្ស៊ីនឹងបន្តគាំទ្រដល់ដំណើរការបណ្តុះបណ្តាលយោធិន នៃកងយោធនពលខេមរភូមិន្ទ។
បន្ទាប់ពីជំនួបពិភាក្សាការងាររួចមក គណៈប្រតិភូ នៃកងទ័ពជើងគោកកម្ពុជា បានទស្សនាសារមន្ទីរប្រវត្តិសាស្រ្តសាលាបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ី៕