(ព្រះសីហនុ)៖ បញ្ហាទឹកស្អុយដែលហូរពីតំបន់នានា ហូរចុះត្រង់ចូលទៅក្នុងសមុទ្រ នាពេលកន្លងមក តាមប្រឡាយមួយកន្លែង មានទីតាំងនៅចំណុចឆ្នេរសុខា ឬសណ្ឋាគារសុខា ខេត្តព្រះសីហនុ បានចាក់ដីលុបបិទលែងឲ្យហូរចូលសមុទ្រទៀតហើយ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ។
លទ្ធផលជោគជ័យនេះ បានកើតឡើងបន្ទាប់ពី គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់ស្ថានីយ ឬអាងប្រមូលស្តុកទឹកស្អុយរួចរាល់ និងដាក់ឲ្យដំណើរការសាកល្បងនៅស្ថានីយ៍ទី៣ កាលពីថ្ងៃម្សិលមិញ។
ទឹកស្អុយដែលស្តុកនៅស្ថានីយខាងលើនេះ ត្រូវអ្នកបច្ចេកទេស បានបូមសាកល្បង បញ្ជូនចេញទៅកាន់ស្ថានីយម្រោះទឹកស្អាតធំ ស្ថិតក្នុងសង្កាត់លេខ៤ ជាប់ខាងក្រោយ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
ដំណឹងនេះ ទទួលបានការសាទរពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋរស់នៅទីប្រជុំជន ក្នុងក្រុងព្រះសីហនុ។
ប្រជាពលរដ្ឋរំពឹងថា ក្រោយពេលអ្នកបច្ចេកទេសស្ថាបនាអាងស្តុកទឹកស្អុយទាំង៤កន្លែង នាក្រុងព្រះសីហនុ និងដាក់ឲ្យដំណើរការព្រមគ្នា ពេលនោះទឹកសមុទ្រនៅឆ្នេរសុខា និងឆ្នេរផ្សេងៗទៀត ដែលធ្លាប់មានទឹកស្អុយ ឬទឹកកខ្វក់ហូរចូលសមុទ្រដោយត្រង់ ហើយទឹកសមុទ្រមានទឹកពណ៌ខ្មៅ នាពេលកន្លងមកនោះ នឹងបានថ្លាស្អាត ដូចដើមឡើងវិញជាមិនខាន។
ចំណែក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណដល់ លោក ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ដែលបានជួយជំរុញយកចិត្តទុកដាក់ លើការងារស្ថាបនាស្ថានីយ៍ស្តុកទឹកស្អុយទាំង ៤កន្លែង ឲ្យទទួលបានលទ្ធផលជោគជ័យនៅពេលនេះ។
លោកមានមោទនភាពថា ទីបំផុតក្រុមការងារអូរប្រឡាយ ខេត្តព្រះសីហនុ សម្រេចបានលទ្ធផលផ្លែផ្កាមួយជំហ៊ានទៀតហើយៗថា លោកនឹងបន្តជំរុញកិច្ចការងារខាងលើនេះ ឲ្យស្របតាមការណែនាំពីថ្នាក់លើ ឲ្យសម្រេចបានលទ្ធផលជោគជ័យ ជាស្ថាពរនាថ្ងៃអនាគតទៀត។
លោកអភិបាលបន្តថា ថ្ងៃនេះ មន្ត្រីជំនាញបានចុះបិទប្រឡាយបង្ហូរទឹកស្អុយ ចូលសមុទ្រ នៅចំណុចឆ្នេរអូរសុខា ជាស្ថាពរដើម្បីទប់ស្កាត់ កុំឲ្យទឹកកង្វក់ហូរចូលសមុទ្រ ដោយត្រង់ដូចពេលមុនទៀតទេ។
លោក យន្ត មីន បង្ហាញភាពរីករាយ ដែលទឹកកង្វក់នៅអាងស្តុកទឹកស្អុយសុខា ឬនៅស្ថានីយ៍ស្តុកទឹកស្អុយសុខា ត្រូវបានដោះស្រាយរួចរាល់ និងបានបូមចេញឆ្ពោះទៅកាន់ស្ថានីយ ឬអាងចម្រោះទឹកស្អុយធំ មានទីតាំងនៅខាងក្រោយ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត មុននឹងបង្ហូរស្អុយ ដែលច្រោះរួចនោះឲ្យហូរចូលសមុទ្រ៕