(សៀមរាប)៖ នៅថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច​ សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាក​បាទ​ក្រហមកម្ពុជា​ បានចាត់ឱ្យក្រុមការងារ ចុះសួរសុខទុក្ខ​ និងនាំ​យក​អំណោយផ្តល់ជូនដល់កុមារាឈ្មោះ តែម មឿត អាយុ ១០ឆ្នាំ រងគ្រោះរលាកភ្លេីងពេញខ្លួនដោយសារជនអគតិ​ចាក់សាំងដុត​ (ដោយចោទថា លួចលុយ​ ១ម៉ឺនរៀល​)​ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩​ កន្លងទៅនេះ។

កុមារារងគ្រោះ​រូបនោះ បច្ចុប្បន្នរស់នៅជាមួយឪពុក និងម្តាយមីង​ ស្ថិតនៅភូមិគោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប ពេលនេះកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាអង្គរខេត្តសៀមរាប។

បន្ទាប់ពីបានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនដល់កុមារារងគ្រោះខាងលេីនេះរួចមក​ ក្រុមការងារកាកបាទក្រហមកម្ពុជា​ ដែលមានលោកវេជ្ជ. អ៊ុយ សំអាត នាយក​នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ទាង អេង​ ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជា​ ខេត្តសៀមរាប​ ព្រមទាំងសហការី​ បានទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ​សព លោក ហ៊ឹម​ ចាន់ អាយុ ៤១ឆ្នាំ មុខរបររត់តាក់សុី (មានប្រពន្ធឈ្មោះ សុខ ចាន់រឿន អាយុ​ ៣៨ឆ្នាំ និងកូនក្នុង​បន្ទុកចំនួន ៤នាក់) ដែលត្រូវបានក្រុមចោរប្លន់អារកសម្លាប់យករថយន្ត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅភូមិបឹងប៉ា សង្កាត់ស្លរក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប។

ក្រុមគ្រួសាររងគ្រោះទាំង​ ២ករណីខាងលេី​នេះ បានសំដែងក្តីរំភើប​ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ ជួយឧបត្ថម្ភ​សម្រាលការលំបាក​ និងផ្ដល់ការលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា សម្ភារដែលផ្ដល់ជូនសម្រាប់ក្រុមគ្រួសារកុមាររងរបួសរួមមាន​ ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង​ មី ១កេស ឃីត១មាន​ (មុង​ ភួយ​ ក្រមា សារុង​ អាវយឺត)​ និងថវិកាមួយចំនួន។

ដោយឡែក សម្ភារចូលបុណ្យសពជនរងគ្រោះរួមមាន​ ៖​ អង្ករ ១០០គីឡូក្រាម​ ត្រីខ ៥០កំប៉ុង​ មី ៥កេស​ ទឹកក្រូច​ ៥កេស​ និងបច្ច័យចូលបុណ្យមួយចំនួន៕