(ភ្នំពេញ)៖ បច្ចុប្បន្ននេះឃើញថាការប្រើប្រាស់ប្រាក់រៀល កំពុងមានការកើនឡើងគួរឲ្យគត់សំគាល់ ទាំងនេះដោយសារតែ មានការចូលរួមគាំទ្រពីសំណាក់វិស័យនានាទាំងវិស័យរដ្ឋ និងវិស័យឯកជន។
ដោយមើលឃើញពីភាពចាំបាច់និងសារៈសំខាន់នៃ ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជានេះ ទើបវិស័យធំៗជាច្រើននៅកម្ពុជារួមមាន៖ វិស័យសមាគមរោងចក្រកាត់ដេរ, វិស័យធនាគារនៅកម្ពុជា, វិស័យមីក្រូហិរញ្ញវត្ថុជាដើម បានរួមគ្នាជំរុញការប្រើប្រាស់ប្រាក់រៀល។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមកាត់ដេរនៅកម្ពុជា (GMAC) ឲ្យដឹងក្នុងទិវាប្រាក់រៀលខួបលើកទី៣៩ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ថា បច្ចុប្បន្ននេះសមាគមរោងចក្រកាត់ដេរ បានបើកប្រាក់ខែជូនកម្មករ-កម្មការរិនីជាង៧៤ម៉ឺននាក់ ជាប្រាក់ដុល្លារនៅឡើយទេ។
លោកបន្ថែមថា ជារៀងរាល់ឆ្នាំខាងសមាគមតែងតែចរចារ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរិមាថ្មី ហើយឆ្នាំថ្មីនេះនឹងមានការផ្លាស់ប្ដូរខ្លះ តាមរយៈការបង្កើតច្បាប់សម្រាប់ប្រាក់ឈ្នួល
ដោយបង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលផងដែរ។
លោកបន្ដថា «រយៈពេល២ឆ្នាំចុងក្រោយនេះ សមាគមរោងចក្រកាត់ដេរ តែងតែព្យាយាមស្នើសុំឲ្យមានការកំណត់ប្រាក់ឈ្នួលជារូបិយវត្ថុជាតិ (ប្រាក់រៀល) ប៉ុន្ដែការកំណត់នេះ ត្រូវទាមទារពេលវេលាបន្ដិចព្រោះថា ដើម្បីទាក់ទាញការគាំទ្របន្ថែម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
លោកបញ្ជាក់ថា «យើងគាំទ្រទៅលើការកំណត់ ប្រាក់ឈ្នួលជាប្រាក់រៀល ។ ប្រាក់រៀលមិនត្រឹមតែជាអត្ថសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្ដែជាឧបករណ៍គោលនយោបាយមួយ ដែលរាជរដ្ឋាភិបាលយកមកប្រើប្រាស់ ក្នុងករណីជំរុញការនាំចេញរបស់យើង»។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមនៅកម្ពុជាឲ្យដឹងថា កន្លងមកសមាគមតែងតែជួយជំរុញ និងលើកកម្ពស់លើការប្រើប្រាស់ជាច្រើនរួមមាន ការបង់ពន្ធជាប្រាក់រៀល, ការកំណត់ផ្ដល់ឥណទានយ៉ាងតិច១០%ជាប្រាក់រៀលជាដើម។
លោកបន្ដថា ដើម្បីឲ្យការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ ទល់តែមានការចូលរួមពីសំណាក់ សាធារណជនដោយស្ម័គ្រចិត្ត និងវិស័យឯកជនទើបធ្វើឲ្យប្រាក់រៀលមានចរាចរណ៍ ក្នុងទីផ្សារប្រកបដោយចីរភាព។
លោកស្រី នាង ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា នឹងប្រឹងប្រែងលើកកម្ពស់ដោយផ្អែកលើ យន្ដការទីផ្សារ និងស្ថានភាពជាក់ស្ដែងព្រមទាំងត្រៀមខ្លួន សហការជាមួយភាគីពាក់ព័ន្ធក្នុងការអនុវត្ត ការងារនេះឲ្យមានប្រសិទ្ធិភាព ស្រប់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ប្រាក់រៀលត្រូវបានរក្សាឲ្យមានស្ថេរភាពល្អប្រសើរ ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ ហើយតម្រូវការប្រាក់រៀលកើនឡើងយ៉ាងឆាប់រហ័ស ដោយរូបិយវត្ថុកើនក្នុងអត្រា១៦ភាគរយ ជាមធ្យមក្នុង១ឆ្នាំ ហើយប្រាក់បញ្ញើជារៀលកើនឡើង២៦ភាគរយ៕