(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាស្វែងរកចំណុចរួម ក្នុងការដាក់ចេញវិធានការទាក់ទង នឹងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគាកាំបូឌីយាណា។

លោកទេសរដ្ឋមន្រ្តី បានជំរាបរំលឹកជូនអំពីសកម្មភាពការងារប្រយុទ្ធនឹងជំងឺអេដស៍ របស់រាជរដ្ឋាភិបាល ក្នុងបរិបទ ដែលថវិកាជំនួយថយចុះ ហើយដែលតម្រូវអោយរាជរដ្ឋាភិបាល ទទួលយកបន្ទុកៗ អំរែកហិរញ្ញាវត្ថុកាន់តែធំឡើងៗ ជំនួសជំនួយពីហិរញ្ញវត្ថុពីខាងក្រៅប្រទេស។

លោកទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ជូនអង្គប្រជុំ បើទោះជាអន្តរជាតិ អង្គការសហប្រជាជាតិ បានកោតសសើរ ព្រះរាជាណាចក្រកម្ពុជា ថាយើង បានធ្វើតេស្តរកស្រាវជ្រាវ អ្នកបានឆ្លងរោគអេដស៍ បានផ្តល់ ការព្យាបាល អ្នករស់នៅជាមួយមេរោគអេដស៍ ហើយការព្យាបាលទទួលបានលទ្ធផលល្អប្រសើ ហើយនិងមានអត្រា គ្របដណ្តប់ខ្ពស់ជាងប្រទេសផ្សេងៗទៀត ទូទាំងពិភពលោក ក៏កិច្ចការប្រយុទ្ធនឹងជំងឺអេដស៍ មិនមែនជាកិច្ចការ សាមញ្ញងាយស្រួល និងអាចបញ្ចប់បានតាមគោលដៅ ដែលបានគ្រោងទុកឡើយ ប្រសិនបើកិច្ចការងារសម្រប សម្រួលពហុវិស័យ មិនទាន់អាចគាំទ្រឲ្យមានចរន្តជាតិមួយជាប្រចាំ និងយូអង្វែងដែលជួយគាំទ្រ ជួយតម្រង់ទិសជួយប្រជាពលរដ្ឋម្នាក់ៗ យុវជនឲ្យមានចំណេះដឹង មានសមត្ថភាព មានលទ្ធភាព ក្នុងគ្រប់ការលទេសៈ ការពារខ្លួនឯង កុំឲ្យឆ្លងមេរោគអេដស៍ ឬចម្លងមេរោគអេដស៍ទៅក្រុមគ្រួសារ ឬ អ្នកផ្សេងទៀត ស្របតាម ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី បានអញ្ចើញ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន លោក លោកស្រី មន្រ្តីជំនាញ ជាតំណាងពីក្រសួងស្ថាប័ន ចូលរួមមតិ ពិភាក្សា និងសម្រេច កំណត់គោលដៅ សកម្មភាព និងយន្តការ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ ដើម្បីយើងបន្ត សម្របសម្រួលប្រយុទ្ធឆ្លើយទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយមានការចូលរួម ជាដំណាក់ៗ តាមបរិបទជាក់ស្តែង ដោយយើងបែងចែកភារកិច្ចទទួលខុសត្រូវ ផ្តល់ការគាំទ្រជូនទៅផ្នែក និង/ឬ វិស័យ ស្ថាប័ន ពាក់ព័ន្ធ ពហុវិស័យ នៅកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចដែល រាជរដ្ឋាភិបាលបានឯកភាពលើវិធានការឆ្លើយតប ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នងសេចក្តីណែនាំលេខ២១៣ ស.ជ.ណ.ស.ស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩៕