(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) លើកទី៥ ចាប់ផ្ដើមទទួលពាក្យប្រកួតប្រជែងហើយ។ កម្មវិធីនេះ រៀបចំធ្វើឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។
សហគ្រិនដែលបានបំពេញលក្ខខណ្ឌខាងក្រោមនេះ អាចចូលរួមដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធីនេះ តាមរយៈ http://cyeaward.com/ ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ០៩៦ ៨១ ១១ ០៧៣/ ០៩២ ៥៧ ៩២ ៦៧។ ការទទួលពាក្យនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។
លក្ខខណ្ឌ នៃការប្រកួតប្រជែង គឺបេក្ខជន ត្រូវមាន៖
* អាយុចាប់ពី១៨ ដល់៤៥ឆ្នាំ
* អាជីវកម្មត្រូវបានបង្កើតដំបូង នៅប្រទេសកម្ពុជា និងមានភាគហ៊ុនយ៉ាងតិច៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ
* អាជីវកម្មត្រូវចុះបញ្ជី ការត្រឹមត្រូវតាមផ្លូវច្បាប់ និងមានដំណើរការយ៉ាងតិច២ឆ្នាំ
* អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់
* សហគ្រិន/អាជីវកម្ម មិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និងក្រុមអ្នករៀបចំកម្មវិធី
* មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
* ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការដាក់ពាក្យ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៥ហើយ ដែលកម្មវិធីពានរង្វាន់ សហគ្រិននៃវ័យក្មេងកម្ពុជា បានធ្វើការប្រកួតប្រជែងនេះឡើង។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យមានការទទួលស្គាល់ និងការលើកទឹកចិត្ត ដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឲ្យមានឱកាសចូលរួមបង្ហាញពីសមត្ថភាព ព្រមទាំងចែករំលែកនូវភាពជោគជ័យ ជាលក្ខណៈថ្នាក់ជាតិ។
ជាពិសេសឆ្នាំនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា នឹងមានការចុះទៅធ្វើការទស្សនាផ្ទាល់ នូវទីតាំងអាជីវកម្មនីមួយៗ របស់សហគ្រិន នៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ផងដែរ។ នៅក្នុងឆ្នាំ២០១៩ កម្មវិធីនេះ នឹងផ្តល់ឱកាសដល់សហគ្រិន ដែលបានចូលរួមដាក់ពាក្យប្រកួត ឡើងធ្វើបទបង្ហាញពីសក្តានុពលអាជីវកម្មរបស់ខ្លូន ទៅកាន់សារធារណៈជន ក៏ដូចជាគណៈកម្មាការ សហគ្រិន វិនិយោគិន សមាគមជាដើម។
បន្ទាប់មកទៀត សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការ នៅក្នុងបន្ទប់នីមួយៗ ទៅតាមមុខជំនាញ និងផ្នែកផ្សេងៗ ដែលក្រុមការងារបានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុទៅលើអាជីវកម្ម របស់បេក្ខជន ដែលជាសហគ្រិនទាំងអស់ ឲ្យកាន់តែមានភាសុក្រឹត្យ និងយុត្តិធម៌។
ជាការកត់សម្គាល់ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៩នេះ ក៏នឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេង នៅក្នុងខេត្តចំនួន៥បន្ថែមទៀត រួមមាន៖ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និងកំពត។ ការផ្សព្វផ្សាយនេះ ក៏នឹងចូលរួមចំណែក ក្នុងការលើកទឹកចិត្តឲ្យសហគ្រិនវ័យក្មេង នៅតាមខេត្តមានឱកាសចូលរួម នៅក្នុងកម្មវិធីនេះផងដែរ។
គួររម្លឹកជូនថា ការប្រកួតប្រជែងនេះ ក៏បានចូលរួមយ៉ាងខ្លាំង នៅក្នុងការលើកកម្ពស់ឲ្យសហគ្រិនកម្ពុជា មានភាពក្លាហាននិង ទំនុកចិត្តក្នុងការបង្ហាញពីភាពច្នៃប្រឌិត ការតស៊ូប្រឹងប្រែងរហូតទទួលបានជោគជ័យ ក្នុងការប្រកបអាជីវកម្មរបស់ខ្លូន។
ក្រៅពីនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញឲ្យសហគ្រិនវ័យក្មេងកម្ពុជា ពាំនាំអាជីវកម្មរបស់ខ្លូន ដើម្បីយកទៅប្រកួតប្រជែង និងដណ្តើមយកពានរង្វាន់ផ្សេងទៀត លើឆាកអន្តរជាតិ ផងដែរ។ លើសពីនេះទៅទៀត សហគ្រិននឹងទទួលបានឧត្តមភាព នៅក្នុងការស្វែងរកដៃគូរអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕