(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរឲ្យឪពុកម្តាយគ្រប់រូប ជួយអប់រំកូន ចៅ ខិតខំគោរពព្រះពុទ្ធសាសនា ចេះចូលវត្ត ដើម្បីថ្វាយបង្គំព្រះសង្ឃ ស្តាប់ព្រះធម៌ ទោះមិនបានយល់ជ្រាបអស់ ក៏បានដឹងបន្តិចៗម្តង ពីព្រះពុទ្ធសាសនា ដើម្បីបានអប់រំពីផ្លូវចិត្តរបស់ពួកគេជាបន្តបន្ទាប់ ដើម្បីឲ្យក្លាយទៅជាកូនល្អ សិស្សល្អ និងជាយុវជន ជាសសរទ្រូងនៃប្រទេសជាតិ ទៅអនាគត។
លោក សុខ លូ ថ្លែងយ៉ាងដូច្នេះនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី នៅក្នុងពិធីបុណ្យពុទ្ធាភិសេកសម្ពោធ និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តគុហនគរ ស្ថិតនៅភូមិ ត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ លោកស្រីប្រធានមន្ទីរ មន្ត្រីរាជការងកម្លាំង ប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ១,៥០០នាក់។
លោក ហាក់ ម៉ុងហួត បានឡើងអានបាយការណ៍ ដោយបានលើកឡើងថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស ហើយប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយឡែក ស្រុកបារាយណ៍ ដោយបានការចង្អុលបង្ហាញរបស់លោក សុខ លូ ជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ ជំនឿសាសនារបស់ប្រជាជន បានធ្វើឲ្យស្រុកមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយតុល្យភាពគ្នា រវាងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្នុងបរិបទប្រជាធិបតេយ្យនីតិរដ្ឋ និងសុខដុមនីយកម្ម។
លោកបានបន្តទៀតថា វត្តគុហនគរ ជាវត្តមួយដែលមានអាយុកាលជាង ១៨៣ឆ្នាំ ដែលមានផ្ទៃដីទំហំ ៨០,០០០ម៉ែត្រការេ ក្រោមការដឹកនាំដោយព្រះតេជគុណទាំង ៤អង្គនោះ រួមមានសមិទ្ធផលព្រះវិហារ ឧបដ្ឋានសាលា សាលាបាលី សាលាដំណាក់គុដិតូច កុដិធំ ក្លោងទ្វារ របង ទីកន្លែងសំខាន់ៗសម្រាប់សក្ការបូជា នឹងប្រាសាទសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
លោក សុខ លូ បានថ្លែងថា ដោយសារតែមាន លោកតា លោកយាយ ពុក ម៉ែ បងប្អូន ជឿទៅលើព្រះពុទ្ធសាសនា ទើបធ្វើឱ្យព្រះសង្ឃ អាចក៏សាងបានសមិទ្ធផលនានា ព្រះសង្ឃអាចគង្គនៅ តាមទីវត្តអារាម បានរហូតដល់ ៣,៦០០អង្គនៅតាមទីវត្តអារាម ដែលនេះគឺដោយសារតែមានពុទ្ធបរិស័ទជឿលើព្រះពុទ្ធសាសនា ទើបអាចរីកចំរើនបានយ៉ាងច្រើនដូចសព្វថ្ងៃនេះ។
អភិបាលខេត្តកំពង់ធំ ក៏បានអំពាវឱ្យលោកតា លោកយាយ ត្រូវចេះជំរុញកូនចៅឱ្យប្រព្រឹត្តអំពើល្អ និងចេះជួយគ្នាទៅវិញទៅមក ហើយជាពិសេសនោះ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន សូមឱ្យពុកម៉ែបងប្អូនណែនាំកូនចៅ ឲ្យចេះគោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ពិសេសនៅពេលបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យទានផ្សេងៗ ត្រូវជំរុញឱ្យពួកគេទៅធ្វើបុណ្យទាំងអស់គ្នា ពីព្រោះតែព្រះពុទ្ធសាសនា គឺជាសាសនាដែលបានអប់រំផ្លូវចិត្តមនុស្ស ឲ្យប្រព្រឹត្តអំពើល្អចេះ ជួយគ្នាទៅវិញទៅមក។
លោកបានសំណូមពរឱ្យឱពុកម្តាយគ្រប់រូប ជួយអប់រំកូន ចៅ ឱ្យខិតខំគោរពព្រះពុទ្ធសាសនា ចេះចូលវត្ត ដើម្បីថ្វាយបង្គំព្រះសង្ឃ ស្តាប់ព្រះធម៍ ទោះមិនបានយល់ជ្រាបអស់ ក៏បានដឹងបន្តិចៗម្តងពីព្រះពុទ្ធសាសនា ដើម្បីបានអប់រំពីផ្លូវចិត្តរបស់គាត់ ជាបន្តបន្ទាប់ ដើម្បីឱ្យក្លាយទៅជាកូនល្អ សិស្សល្អ និងជាយុវជន ជាសសរទ្រូងនៃប្រទេសជាតិ ទៅអនាគត់ផងដែរ។ នៅពេលបច្ចុប្បន្ននេះ មិនសូវមានយុវជនចូលវត្តធ្វើបុណ្យទាននោះទេ បើពួកគេចូលវត្ត គឺចូលតែពេលមានបុណ្យទានទេ ហើយមិនមែនចូលមកដើម្បីធ្វើបុណ្យនោះទេ ចូលមកដើម្បីរាំបាសតែប៉ុណ្នោះ ហើយពេលខ្លះដេញវាយគ្នា បែកមុខ បែកមាត់ទៀត ដូចនេះហើយមានតែលោកតា លោកយាយទេ ធ្វើយ៉ាងណាអប់រំកូនចៅឱ្យចេះធ្វើបុណ្យទាំងអស់គ្នា៕