(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈមួយចំនួនរួមមាន៖
១៖ អង្គប្រជុំបានអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦។
២៖ អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ចំនួន៣រូប រួមមាន៖ លោក ឃុត ចាន់ដារ៉ា, លោក ខៀវ ភារិទ្ធ និងលោក រ៉ូហ្វី អូស្មាន។
៣៖ អង្គប្រជុំបានអនុម័តយល់ព្រមកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ដោយមានរបៀបវារៈ៖
* ព្រះរាជសារព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។
* របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦។
* ការបោះឆ្នោតជ្រើសតំាងលោកស្រី លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ឆ្នាំ២០១៩-២០២៨។
* ការបោះឆ្នោតជ្រើសតំាងលោក ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងលោក ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ៕