(កំពង់ចាម)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ សុខាភិបាលខេត្តកំពង់ចាម ឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ លើកទី២២ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានបំផុសឲ្យថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បង្កើតយុទ្ធសាស្រ្ត ដើម្បីឈានទៅបំបាត់ការរើសអើងអ្នកជំងឺ ប្រើប័ណ្ណមូលនិធិសមធម៌។
បើតាមប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម លោក គឹម សួរ ភីរុណ បានថ្លែងថា មានប្រជាពលរដ្ឋទាំងពីរភេទ សរុបចំនួន ៧៤០,០៧៨ ករណី បានប្រើប្រាស់សេវាសុខាភិបាល ក្នុងការពិនិត្យ និងពិគ្រោះជំងឺ ឆ្នាំ២០១៨។ ជំងឺចូលសម្រាកពេទ្យព្យាបាល នៅតាមមូលដ្ឋាន សាធារណៈទូទាំងខេត្ត ចំនួនសរុប៤៨,៩៥៤ករណី។
លោកប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងទៀតថា បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់ និងផ្តល់សេវាសុខភាព នៅមូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន៩៨កន្លែង នៅក្នុងខេត្តកំពង់ចាម ក្នុងនោះមន្ទីរពេទ្យខេត្ត១កន្លែង មន្ទីរពេទ្យបង្អែកស្រុក៨កន្លែង និងនៅតាមមណ្ឌលសុខភាព៨៩កន្លែង។ ហើយអ្នកជំងឺមកពិនិត្យ និងព្យាបាល ដែលប្រើប្រាស់សេវា ប.ស.ស ឆ្នាំ២០១៨ សរុបចំនួន ២២,៦៦៨នាក់ ស្រី (២០,៩៦០នាក់)។
អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានយកឱកាសនោះ ធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារជាស្នាដៃ នៃមន្ត្រីសុខាភិបាលខេត្តកំពង់ចាម ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ប្រកបដោយភាពអត់ធ្មត់ និងសុទិដ្ឋិនិយម។
ទន្ទឹមនឹងលទ្ធផលជោគជ័យ ដែលសម្រេចបាននោះ អាជ្ញាធរខេត្តសង្ឃឹម និងជឿជាក់ថា មន្ទីរសុខា ភិបាលខេត្តកំពង់ចាម និងនៅបន្តខិតខំពុះពារអភិវឌ្ឍន៍ និងពង្រឹងគុណភាពការងារ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្រោមការឧបត្ថម្ភគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពដៃគូនានា សំដៅកែលម្អឈាន ឡើងយ៉ាងពិតប្រាកដ លើគ្រប់ផ្នែក ជាពិសេសគឺត្រូវបន្តបង្កើនគុណភាពសេវាមន្ទីរពេទ្យ ដោយផ្អែកលើគោលការណ៍ ផ្ដល់សេវាប្រកបដោយសមធម៌ ជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ បន្ទាប់ពីអង្គសន្និបាតបានចែកគ្នាជាក្រុម ដែលមានមន្រ្តីសុខាភិបាល និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ធ្វើការពិគ្រោះពិភាក្សាគ្នារកចំណុចប្រឈម អស់រយៈពេលមួយថ្ងៃ អង្គសន្និបាត បានរកឃើញចំណុច ប្រឈម១៦ចំណុច ដើម្បីលើកយកមកធ្វើការដោះស្រាយ។ ប៉ុន្តែក្នុងចំណោម១៦ចំណុចនោះ លោកអភិបាលខេត្តកំពង់ចាម មានចំណាប់អារម្មណ៍ទៅលើចំណុចប្រឈម១ ដែលថា មានករណីរើសអើង ដល់អ្នកជំងឺដែលប្រើប័ណ្ណមូលនិធិសមធម៌ ។
ហើយចំណុចនេះ ត្រូវបានលោកអភិបាលខេត្ត លើកយកមកពិភាក្សាដើម្បីរកដំណោះស្រាយឈានទៅលុបបំបាត់ទាំងស្រុង នូវការរើសអើង ដល់អ្នកជំងឺគ្រួសារក្រីក្រនេះ នៅក្នុងឆ្នាំ២០១៩តែម្តង។ ក្នុងនោះ លោកអភិបាលខេត្ត បានបំផុសដល់ថ្នាក់ ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ឲ្យមានការយកចិត្តទុកដាក់ និងធ្វើការតាមដានជាប្រចាំ ដល់មន្រ្តីសុខាភិបាលក្រោមឱវាទ និងរកយុទ្ធសាស្ត្រ ដើម្បីឈានទៅបំបាត់ករណីរើសអើង ដល់អ្នកជំងឺគ្រួសារក្រីក្រនេះ ។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងការពន្យល់យ៉ាងក្បោះក្បាយ ពីសំណាក់លោកអភិបាលខេត្ត ដល់មន្រ្តីសុខាភិបាល និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏បានទទួលសាទរ និងឯកភាពគ្នាទាំងស្រុង ក្នុងការកែប្រែឥរិយាបថ ដើម្បីលុបបំបាត់ករណីរើសអើង ដល់អ្នកជំងឺគ្រួសារក្រីក្រនេះ ឲ្យបាននៅក្នុងឆ្នាំ២០១៩នេះ ផងដែរ៕