(បាត់ដំបង)៖ ដើម្បីផ្សារភ្ជាប់សមរភូមិក្រោយ ជាមួយសមរភូមិជួរមុខ និងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ នៅពេលខាងមុខនេះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មេបញ្ជាការរងយោធិភូមិភាគ៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោធភូមិភាគ៥ ដែលមានទីតាំងស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
លោកឧត្ដមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានធ្វើសន្ទរថាស្វាគមន៍ និងរបាយការណ៍អំពីស្ថានភាពជីវភាពរស់នៅរបស់អង្គភាព និងបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ បញ្ជាការកងពលតូចថ្មើរ ជើងលេខ៥២ តែងតែទទួលបានការឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្ត ពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសតាមរយៈសម្ព័ន្ធមេត្រីភាព ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដូចជាអគារហ្វឹកហ្វឺន១ខ្នង អគារប្រចាំបញ្ជា១ខ្នង អគារស្នាក់នៅ១០ខ្នង វេទិកា១ខ្នង អណ្ដូងស្នប់ លេនដ្ឋានរឹងមាំ ប្រព័ន្ធផ្លូវក្រាលក្រួសក្រហម ថវិកា គ្រឿងសំណង់ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ ការពារបូរណភាពទឹកដី រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍។
លោកបណ្ឌិតរដ្ឋមន្រ្ដី បានថ្លែងថា ផ្ដើមចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងការធ្វើកំណែទម្រង់ លើការតម្លើងប្រាក់បៀវត្សរ៍ជូនមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បីឲ្យមានជីវភាពកាន់តែប្រសើរឡើង។
លោករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីស្ថានភាពនយោបាយក្នុង និងក្រៅប្រទេស ដោយបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ គឺជាគ្រឺះយ៉ាងរឹងមាំសម្រាប់ការពារបូរណភាពទឹកដី អធិបតេយ្យភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងពីការបោះឆ្នោតស្របច្បាប់ និងការពារនូវរាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ ឆ្លើយតបទៅនឹងសំណូមពរ លោកបណ្ឌិតរដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានសន្យាថា នឹងជួយសាងសង់អគារទីបញ្ជាការ១ខ្នង កំពស់ពីរជាន់ អណ្ដូងស្នប់ បង្គន់អនាម័យ និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួមមក គណអធិបតី ក៏បានចែកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់កងពលតូចថ្មើរជើងលេខ៥២ មានថវិកា២៥លានរៀល និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ៤ តោន, ទឹកក្រូចដបធំ២០កេស, ទឹកបរិសុទ្ធ១០០កេស, មីយើង២០០កេស, ទឹកស៊ីអ៊ីវ៥០យួរ, ទឹកត្រី៥០យួរ, ស្ករស២០០គីឡូក្រាម, ប្រេងឆា៣០០លីត្រ, នំអន្សម៥០០នំ, នំតែលាវ៥គីឡូក្រាម៕