(ចិន)៖ ថ្នាក់ដឹកនាំទីក្រុងចុងឈីង ( Chongqing) ប្រទេសចិន បានយល់ព្រមជួយសិក្សារៀបចំផែនការអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងទំនើបប្រភេទ «Monorail» នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។

ការឯកភាពទៅលើការជួយសិក្សារៀបចំផែនការអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងទំនើបនៅកម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការក្រុងចុងឈីង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ។

ក្នុងជំនួបនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណសម្រាប់ការបំពេញទស្សនកិច្ចរបស់ លោក Zhou នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដែលបានជំរុញឲ្យមានកិច្ចសហការបន្ត និងការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា មកក្រុង Chongqing នាពេលនេះ។

នៅក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក Zhou បានផ្តោតសំខាន់ទៅលេីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុង Chongqing ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ជាពិសេសលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ «Monorail» នៅកម្ពុជា និងការជួយពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។

កិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរ ពីការតភ្ជាប់ច្រករបៀងប៉ែកខាងត្បូងរវាងប្រទេសចិន ក្រុង Chongqing ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា-ចិន និងប្រទេសក្នុងតំបន់។

លោក Zhou បានយល់ព្រមលើសំណើរបស់លោកទេសរដ្ឋមន្ត្រីលើកិច្ចសហប្រតិបត្តិការ រវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងសិក្សាលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងឡូជីស្ទីករវាងប្រទេសទាំងពីរ ដោយឯកឧត្តម Zhou បានសន្យាថានឹងរៀបចំក្រុមការងារគណៈប្រតិភូ នៃការិយាល័យដឹកជញ្ជូនក្រុង Chongqing (Chongqing Municipal Transport Bureau) និងក្រុមការងារឡូជីស្ទីក ទៅបំពេញទស្សនកិច្ចសិក្សានៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

លោក Zhou ក៏បានឯកភាពតាមសំណើរបស់លោកទេសរដ្ឋមន្ត្រីផងដែរ លើកិច្ចសហប្រតិបត្តិការ នៃការកសាង និងពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសន្យាថា នឹងពិនិត្យលទ្ធភាពផ្តល់ជូននូវគ្រូបណ្តុះបណ្តាលជំនាញពីក្រុង Chongqing ទៅកម្ពុជា និងរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងឱកាសសិក្សាស្វែងយល់ទៅវិញទៅមក ព្រមទាំងលទ្ធភាពនៃការផ្តល់ជូនអាហារូបករណ៍ទៅដល់និស្សិតកម្ពុជា ថ្នាក់ឧត្តមសិក្សាផងដែរ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាង ក្រុង Chongqing និងប្រទេសកម្ពុជា កាន់តែរីកចម្រើនទៅមុខ មួយកម្រិតទៀត។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះឆន្ទៈ និងគោលជំហរ ក្នុងការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសទំនាក់ទំនងរវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ និងចូលរួមជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឈានឡើងមួយកម្រិតទៀត។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិងកំពុងដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដឹកជញ្ជូនរវាងកម្ពុជា និងចិន៕