(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ទន្ទឹមនឹងគុណប្រយោជន៍បច្ចេកវិទ្យាសម័យទំនើប ហើយការរីកចម្រើននៃប្រព័ន្ធឌីជីថល ក៏បានបង្កនូវគុណវិបត្តិមួយចំនួន ដូចជាការបាត់បង់ការងាររបស់មនុស្ស និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ផងដែរ។

ការមានប្រសាសន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបាន អញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ ក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ដែលជាកិច្ចសហការជាដៃគូរវាង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ ហ្គ្រេតឌ្យូកភ្នំពេញ (អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់)។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ចំណុចខាងលើអម្បាញ់មិញយើងបានដឹងហើយថា វាមានគុណសម្បត្តិរបស់វា ក៏ប៉ុន្តែយើងមិនត្រូវភ្លេចនូវបញ្ហា គុណវិបត្តិដែលជាបញ្ហាប្រឈមធំនៅក្នុងយុគសម័យថ្មី របស់យើងនេះ បើអ្វីៗត្រូវបានធ្វើជំនួសទៅ ដោយគ្រឿងយន្តទៅហើយនោះ តើបញ្ហាការបាត់បង់ការងារធ្វើរបស់មនុស្សវានឹងទៅជាអ្វី មួយទៀតឧក្រិដ្ឋកម្មបច្ចុប្បន្នវាក៏បានកើតឡើង ដោយសារបច្ចេកវិទ្យានោះផងដែរ»

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការព្រួយបារម្ភពីការីកច្រើននៃបច្ចេកវិទ្យាថ្មីៗ ដូច្នេះចំណុចនេះគឺជាចំណុចដែលមួយផ្នែកទាញយក ផលប្រយោជន៍ពីវា តែមួយផ្នែកទៀតត្រូវគ្រប់គ្រងស្ថាននូវភាពនេះបែបណា រាប់ទាំងបញ្ហាសង្គមដែល ធ្វើឱ្យមនុស្សបាត់បង់ការងារ ធ្វើយ៉ាងច្រើន ដែលបណ្តាលមកពីការជំនួសដោយគ្រឿងយន្ត នោះហើយជាបញ្ហាប្រឈមថ្មី ដែលចំណុចនេះសម្តេចក៏បានលើកយកមកពិភាក្សា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស រហូតលើកយកមកពិភាក្សា នៅទីក្រុងភ្នំពេញ និងទីក្រុងហាណូយ ប្រទេសវៀតណាម ព្រមទាំងទីកន្លែងដទៃទៀត ដែលជាចំណុចមួយដែលត្រូវចាប់អារម្មណ៍ និងត្រៀមខ្លួនដោះស្រាយបញ្ហាទាំងឡាយ ដែលវានឹងកើតមានដោយសារបច្ចេកវិទ្យាទំនើបថ្មីទាំងនេះផងដែរ។

បច្ចេកវិទ្យាឌីជីថល អាចជួយរដ្ឋាភិបាលបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជួយឱ្យអាជ្ញាធរនៅគ្រប់កម្រិតអាចផ្តល់សេវាដល់ប្រជាជនបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះបច្ចេកវិទ្យាឌីជីថល អាចជួយពង្រឹងកិច្ចសហការ ភាពជាដៃគូ និងនវានុវត្តន៍រវាងក្រសួង និងផ្ទៃក្នុងក្រសួង ព្រមទាំស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។

ទន្ទឹមនឹងផលវិជ្ជមាននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា បច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់នូវគុណវិបត្តិផ្សេងៗ រួមមាន ទី១. រ៉ូបូ (Robot) បាននិងកំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឱ្យមនុស្សបាត់បង់ការងារ, ទី២៖ ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឱ្យស្របទៅ នឹងការរីកចម្រើនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា, ទី៣៖ វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នា នៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា និងទី៤៖ ការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល នឹងបង្កើនភាពងាយរងគ្រោះ ដែលបណ្តាលមក ពីឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល កំពុងពេញនិយមទូទាំងសកលលោក ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងមានការរីកចម្រើន លើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ ៧.៥ភាគរយ ក្នុងឆ្នាំ២០១៨ តាមរយៈការរីកចម្រើនជាបន្តបន្ទាប់ លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះដែរ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែក លើវិស័យឧស្សាហកម្ម និងសេវាកម្ម ដូច្នេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ឱ្យបានគ្រប់ជ្រុងជ្រោយកម្ពុជា ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពរឹងមាំសម្រាប់រយៈពេលវែងផងដែរ។

សម្តេចតេជោ បញ្ជាក់បន្ថែមថា នៅដើមឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចបានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថឱ្យបង្កើត ក្រុមការងាររៀបចំ ក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងចាប់យកកាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចដោយផ្តោតលើទិដ្ឋភាពធំៗបីគឺ ទី១៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល ការរៀបចំប្រព័ន្ធទូទាត់សងប្រាក់ អេឡិចត្រូនិក (e-payment) និងប្រព័ន្ធឡូជីស្ទិក, ទី២៖ ការបង្កើតថ្នាលឌីជីថល (platform) និងការអភិវឌ្ឍប្រព័ន្ធធុរកិច្ចឌីជីថល (ecosystem) និង៣៖ ការលើកកម្ពស់ឌីជីថលលូបនីយកម្ម-រដ្ឋាភិបាល សហគ្រិនភាព អក្ខរកម្មឌីជីថល និងទិន្នន័យបើកចំហ (Open data)៕