(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមសម្រេចយកកម្រៃសេវាដឹកជញ្ជូនអ្នកដំណើរតាមកាណូតហើយ ក្រោយពីរដ្ឋបាល ដាក់ឲ្យដំណើរការមិនយកថ្លៃអស់រយៈពេលមួយឆ្នាំកន្លងមកនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មនុស្សមួយចំនួន ក៏មិនត្រូវបានយកកម្រៃសេវាផងដែរ ពោលគឺអនុវត្តទៅតាមសេវាដឹកជញ្ជូនរបស់រថយន្តក្រុងសាធារណៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីថ្ងៃម្សិលមិញ ដែលអង្គភាពព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ តាមផ្លូវគោក និងផ្លូវទឹក ក្នុងន័យជួយកាត់បន្ថយការកក ស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតសេវាកាណូតដឹកជញ្ជូនអ្នកដំណើរ ពីសួនច្បារឬស្សីកែវ ដល់ក្រុងតាខ្មៅ ដោយបានចាប់ដំណើរកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ហើយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ជិះដោយមិនបង់ប្រាក់រហូតដល់បច្ចុប្បន្ននេះ។ បន្ទាប់ពីគោលការណ៍ជិះកាណូតដោយមិនបង់ប្រាក់បានផុតកំណត់នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការកែសម្រួលសេវាកាណូតដឹកអ្នកដំណើរសាធារណៈ (Taxi Boat) និងកំណត់តម្លៃសំបុត្រដូចខាងក្រោម៖

*ទី១៖ តម្លៃសេវាកាណូតសាធារណៈត្រូវបានកំណត់ ២០០០រៀលក្នុងមួយនាក់ មួយលើក
*ទី២៖ ករណីលើកលែងមិនគិតថ្លៃសេវា គឺអនុវត្តដូចសេវារថយន្តក្រុង (City Bus)រួមមាន៖ ព្រះសង្ឃ ជនពិការ សិស្ស-និស្សិត ចាស់ជរា អាយុចាប់ពី ៧០ឆ្នាំឡើងទៅ កុមារមានកំពស់ក្រោម១ម៉ែត្រ មកជាមួយឪពុកម្ដាយ ឬអាណាព្យាបាល កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងលោកគ្រូ អ្នកគ្រូ នៃស្ថាប័នរដ្ឋ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ បានប្រកាសដាក់ឲ្យដំណើការបណ្តោះអាសន្ន កាណូតដឹកអ្នកដំណើរពី ខណ្ឌព្រែកព្នៅ-រាជធានីភ្នំពេញ-ក្រុងតាខ្មៅ ។

កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ មានកំពង់ផែ៦ទីតាំង និងកាណូតចំនួន២គ្រឿង នាំចូលពីប្រទេសវៀតណាម និងក្រៅពីនោះ ក៏មានកាណូត ចាស់ៗចំនួន២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង។

ទីតាំងសម្រាប់ចំណតនាវាអ្នកដំណើររវាងរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតនៅក្នុងដំណើរ ការសាងសង់ រួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី, ទីតាំងទី៤៖ កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ, ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ។

សូមអានព័ត៌មានលម្អិតរបស់សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ខាងក្រោមនេះ៖