(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដោយហាមដាច់ខាត មិនឲ្យមានការដោះដូរទីតាំងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលកំពុងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាដាច់ខាតនោះឡើយ។
បំរាមរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗនេះ សម្ដេចទទួលបានសំណើសុំប្ដូរទីតាំង ដោយយកទីតាំងបច្ចុប្បន្ននេះ ប្ដូរជាមួយវិស័យឯកជន ហើយរកទីតាំងថ្មី សម្រាប់វិទ្យាស្ថាន CDRI។ សំណើនេះត្រូវបានសម្ដេចបដិសេធចោលទាំងស្រុង មិនអនុញ្ញាឲ្យមានការផ្ដាស់ប្ដូរទីតាំងអ្វីនោះទេ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាស អញ្ជើញជាអធិបតី បើកសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា លើកទី១៣ ឆ្នាំ២០១៩។ សន្និសីទ នេះធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ដែលជាកិច្ចសហការជាដៃគូរវាង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ដីនៅកន្លែងនេះដាច់ខាតមិនត្រូវប្រគល់ឲ្យអ្នកណាទេ ក្រៅតែពីទុកប្រើប្រាស់ទៅលើបញ្ហាការស្រាវជ្រាវ [...] ដីវិទ្យាស្ថាន CDRI អត់ដូរបានទេ ទោះបីជាអ្នកគ្រប់គ្រងជំនាន់ក្រោយ ប៉ុន្មានជំនាន់ទៀតក៏ដោយ សូមមេត្ដាទុកអាកន្លែងហ្នឹង»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា វិទ្យាស្ថាន CDRI ជាកន្លែងមួយដែលសម្ដេចជាអ្នកផ្ដួចផ្ដើមបង្កើតឡើងដោយផ្ទាល់ដៃ ដើម្បីឲ្យក្លាយទៅជា ធនាគារខួរក្បាល ហើយរហូតមកដល់ពេលនេះ វិទ្យាស្ថានមួយនេះ មានអាយុជិត៣០ឆ្នាំមកហើយ។ វិទ្យាស្ថាននេះ សម្ដេចផ្ដួចផ្ដើមបង្កើតជាមួយ លោកស្រី អេវ៉ា និងលោក ជា ចាន់តូ ដែលបច្ចុប្បន្នមានតួនាទីជា ទេសាភិបាលធនាគារជាតិ នៃកម្ពុជា។
ឆ្លើយតបទៅនឹងបញ្ហាអគារចាស់ ឬកង្វះអគារដើម្បីបំពេញការងារនោះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសប្រមូលធនធាន សប្បុរសជនដើម្បីជួសជុល ឬសាងសង់អគារថ្មីបន្ថែមទៀត នៅក្នុងទីតាំងចាស់ដដែលនេះ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់បន្ថែមថា ចាប់ពីពេលនេះទៅ មិនត្រូវអនុញ្ញាឲ្យអ្នកណាម្នាក់ ឬមន្ដ្រីណាម្នាក់ ផ្ដួចផ្ដើមគំនិតដើម្បីប្ដូរទីតាំងវិទ្យាស្ថាន CDRI នេះទៀតនោះឡើយ ព្រោះកន្លែងនេះមានប្រវត្តិយូរណាស់មកហើយ ពោលជាកន្លែងដែលសម្ដេចជាអ្នកបង្កើតដោយផ្ទាល់ដៃតែម្ដង៕