(ភ្នំពេញ)៖ ក្រុមចោរលួចរថយន្ដ Lexus 470 បានសម្រេច១គ្រឿង ហើយរត់គេចខ្លួនបាត់ រយៈពេល២ថ្ងៃក្រោយមក បែរជាមកជាប់ខ្នោះទាំងអ្នកផ្សំគំនិត និងអ្នកប្រព្រឹត្ត សរុបចំនួន២នាក់ របស់កម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
អធិការនគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ គល់ យី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះថា ការ ស្រាវជ្រាវបង្ក្រាបក្រុមចោរលួចរថយន្ដទាំង២នាក់នេះ បានធ្វើឡើងស្ថិតនៅចំណុចឃ្លាំងមួយកន្លែងលេខ៩៣ តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នាវេលាម៉ោង៣៖០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
លោកវរសេនីយ៍ទោ គល់ យី បន្ថែមថា មុនឈានដល់បើកការស៉ើបអង្កេតតាមបង្ក្រាបពួកគេ បានធ្វើឡើងក្រោយពីកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង ពីម្ចាស់រថយន្ដម៉ាក Lexus Lx470 មួយគ្រឿង ពណ៌ស្ក ផលិតឆ្នាំ១៩៩៨ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-4876 ដែលកម្មសិទ្ធិ ឈ្មោះ ខាត់ រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ម៉ម ភារៈ អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅឃ្លាំងលេខ៩៣ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ គឺជាជនដៃដល់ និងម្នាក់ទៀតឈ្មោះ ស៊ឹម សុខមាន អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ2V4V ផ្លូវបេតុង ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ ជាអ្នកផ្សំគំនិត។
លោកអធិការបានឲ្យដឹងថា នៅកិច្ចប្រតិបត្តិការតាមបង្ក្រាបចោរលួចរថយន្ដ និងអ្នកផ្សំគំនិតទាំង២នាក់នេះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ និងខណ្ឌ បានរកឃើញវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួន ដើម្បីដកហូតរួមមាន៖ រថយន្ត១គ្រឿងម៉ាក Lexus470 ពណ៌ស្ក ផលិតឆ្នាំ១៩៩៨ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-4876 បានប្រគល់ជូនជនរងគ្រោះជាបណ្តោះអាសន្ន និងអាវុធខ្លី១ដើម ប្រើហ្គាសបាញ់គ្រាប់កាំកង់លេខ១៨C និងកូនសោររថយន្តចំនួន២ទៀត។
ជនសង្ស័យជាចោរលួចរថយន្ដ និងអ្នកផ្សំគំនិតទាំង ពេលនេះកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរស្រាវជ្រាវបន្ថែម នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕