(ប៉ៃលិន)៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងរំពឹងថា នៅឆ្នាំ២០១៩ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ ខណៈនៅឆ្នាំ២០២០ នឹងទទួលបានជាង៧លាននាក់ និងនាំមកនូវចំណូលប្រមាណ៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះបង្កើតឱកាសការងារ បានជិត១លាននាក់ ហើយនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ ប៊ីលានដុល្លាអាមេរិក ដែលអាចបង្កើតឱកាសការងារជិត ២លាននាក់។

លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកសិក្ខាសាលា ស្តីពី «ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ» នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ នៅខេត្តប៉ៃលិន។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន, លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន និងតំណាងមន្ទីរពាក់ព័ន្ធ អាជីវករក្នុងក្រុងប៉ៃលិន ដោយមានកិច្ចសហការខ្ពស់ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធ សាលាក្រុងប៉ៃលិន ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំ ដែនអន្តរជាតិព្រំ យុវជនមន្ទីរអប់រំខេត្ត សហគមន៍មូលដ្ឋានទេសចរណ៍ និងម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន សរុបចំនួន៧០នាក់។

លោក ហោ សារុន បានថ្លែងថា គោលបំណង នៃការរៀបចំសិក្ខាសាលាក្នុងថ្ងៃនេះ គឺដើម្បីពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើការងារបដិសណ្ឋារកិច្ច ស្វាគមន៍ភ្ញៀវទេសចរ រួសរាយរាក់ទាក់ និងធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរក្នុងខេត្តឱ្យបានល្អប្រសើរ ព្រមទាំងផ្សព្វផ្សាយ និងពង្រឹងបញ្ហាសន្តិសុខ សុវត្ថិភាពទេសចរឱ្យបានល្អប្រសើរ ជាពិសេសការចូលរួមសហការពីអស់លោក លោកស្រីផ្នែកឯកជន ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្តប៉ៃលិន។

លោកបានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិសេសនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ បាននាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ វិស័យទេសចរណ៍ដែលត្រូវ បានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។

ផ្លែផ្កានៃសន្តិភាព បានជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយក្នុងនោះ វិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ក៏សម្រេចបាននូវការរីកចម្រើន គួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណ ១២.៧% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ ប្រជាជនកម្ពុជា។ នៅឆ្នាំ២០១៨កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រា១0,៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង៦,២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។

ជាយុទ្ធសាស្ត្រ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើត ឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត បៃតង និងរក្សាសុខសុវត្ថិភាពទេសចរឱ្យបានល្អប្រសើរ។ នេះជាការបញ្ជាក់បន្ថែមរបស់អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ៕