(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានប្រាប់ទៅដល់អ្នកចិញ្ចឹមជ្រូក ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ជ្រូក មិនត្រូវឆក់ឱកាសពេលដែលជ្រូកប្រទេសវៀតណាម ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះ បែរជាមកដំឡើងថ្លៃសាច់ជ្រូកក្នុងស្រុក ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាអ្នកបរិភោគនោះទេ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី វេង សាខុន ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា» នៅទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ។
លោករដ្ឋមន្ត្រីបានសរសេរក្នុង Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «ខ្ញុំបានណែនាំឲ្យប្រធានមន្ទីរ និងមន្រ្តីពេទ្យសត្វខេត្តទាំង៧ ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តខ្លឹមសារាចរណែនាំលេខ១១៩ ឲ្យមានប្រសិទ្ធភាព។ អ្នកចិញ្ចឹម ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ ត្រូវចូលរួមសហការរក្សាតម្លៃសាច់ជ្រូកឲ្យនៅដដែល ដោយមិនត្រូវឆក់ឱកាសដំឡើងតម្លៃសាច់ជ្រូកជាដាច់ខាត»។
បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី វេង សាខុន ក្នុងឆ្នាំ២០១៨ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅកម្ពុជា មានប្រមាណជា១.៩លានក្បាល និងជាលក្ខណៈឧស្សហកម្មប្រមាណជា០.៨លានក្បាល និងមានកសិដ្ឋានគ្រប់កម្រិតជាង ៦៧០កសិដ្ឋាននៅទូទាំងប្រទេស។
លោកបញ្ជាក់ថា បច្ចុប្បន្ន ការកែប្រែទម្លាប់ពីការចិញ្ចឹមជាលក្ខណៈគ្រួសារ មកជាលក្ខណៈឧស្សាហកម្មបាន និងកំពុងរីកដុះដាលយ៉ាងលឿ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ ស្របពេលដែលសេដ្ឋកិច្ចជាតិ មានការរីកចម្រើន កំណើនប្រជាជន និងកំណើនភ្ញៀវទេសចរ សេចក្តីត្រូវការសាច់ ដែលតម្រូវឲ្យអ្នកចិញ្ចឹមជ្រូក យកចិត្តទុកដាក់គិតគូរ ប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ សមស្របដើម្បីផលិតសាច់មានអនាម័យ និងគុណភាពឆ្លើយតបតាមតម្រូវការទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងជាពិសេសធានាសុខុមាលភាពសាធារណៈ។
សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកថា ជំងឺនេះបានផ្ទុះឡើងលើកដំបូងនៅឆ្នាំ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ទៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងចុងក្រោយក្នុងឆ្នាំ២០១៨ ជំងឺនេះបានផ្ទុះឡើងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប រួចបន្តរាលឆ្លងចូលក្នុងប្រទេសចិន ហើយបច្ចុប្បន្នបាន និងកំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាលនៃប្រទេសវៀតណាម៕