(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះថា ប៉ុន្មានថ្ងៃនេះកម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀននៅ Rock ក្នុងចំណោមជនសង្ស័យ១៥នាក់ ដែលតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជនសង្ស័យ៤នាក់ដែលត្រូវបានចាប់ខ្លួន ដែលជាប់ពាក់ព័ន្ធនៅមជ្ឈមណ្ឌលកម្សាន្ដ Rock នេះត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយនៅពេលនេះកំពុងស្ថិតក្រោមការសួរនាំយ៉ាងយកចិត្តទុកដាក់ពីតំណាងអយ្យការ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានប្រាប់អង្គភាព Fresh News ផងដែរថា មន្ដ្រីនគរបាលម្នាក់ដែលកំពុងតាមចាប់ខ្លួននោះ គឺជាប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលពាក់ស័ក្ដិ៤។

លោក អ៊ាវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងតាមចាប់ខ្លួននេះឈ្មោះ ឡេង សុខគង់ ហើយរហូតមកដល់ពេលនេះកំពុងតែរត់គេចខ្លួន៕