(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩។ សន្និសីទនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលប្រមាណ៣៥០នាក់។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៣ ធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ដែលជាកិច្ចសហការជាដៃគូរវាង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ ហ្គ្រេតឌ្យូកភ្នំពេញ (អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់) ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាលើកទី១៣ហើយ ដែលសម្តេចបានអញ្ជើញចូលរួមសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ដែលបាននាំបញ្ញាសិប្បនិមិត្ត កញ្ញា រ៉ូបូ សូហ្វៀរ (Robot Sophia) មកចូលរួមក្នុងសន្និសីទនេះ ដើម្បីបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

* សម្តេចតេជោ ក៏បានថ្លែងកោតសរសើរដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងក្រុមហ៊ុន ជី ហ្គៀ (G Gear) ដែលជាដៃគូរួមសហការថ្មី ក្នុងការបន្តរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា តាមរយៈការស្វាគមន៍ដ៏កក់ក្តៅជាមួយនឹងសារដ៏ច្បាស់លាស់របស់បញ្ញាសិប្បនិមិត្ត គឺកញ្ញារ៉ូបូ សូហ្វៀ ចំពោះរូបខ្ញុំអម្បាញ់មិញស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» និង «កិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា» គឺជាសក្ខីភាពបញ្ជាក់ច្បាស់អំពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖

ទី១៖ បច្ចេកវិទ្យាឌីជីថល អាចជួយជំរុញកំណើន និងប្រសិទ្ធភាព។ បច្ចេកវិទ្យាឌីជីថល រួមមាន ទូរស័ព្ទវៃឆ្លត (Smart phone) បច្ចេកវិទ្យាក្លោដ (cloud computing) បច្ចេកវិទ្យាប្រើរ៉ូបូ (robotics) បច្ចេកវិទ្យាប្លុកឆេន (block chain) និង អ៉ិនធើណិតនៃបរិក្ខារ (internet of things) ជាដើម បានកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការ តភ្ជាប់រវាងមនុស្ស និងមនុស្សបង្កើតឡើងនូវធុរកិច្ចថ្មីៗ ជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្មភាពសហគ្រិន។

ទី២៖ បច្ចេកវិទ្យាឌីជីថល អាចជួយរដ្ឋាភិបាលបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជួយឲ្យអាជ្ញាធរនៅគ្រប់កម្រិតអាចផ្តល់សេវាដល់ប្រជាជនបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយពង្រឹងកិច្ចសហការ ភាពជាដៃគូ និងនវានុវត្តន៍រវាងក្រសួង និងផ្ទៃក្នុងក្រសួង ព្រមទាំស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។

ទន្ទឹមនឹងផលវិជ្ជមាននេះបច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់នូវគុណវិបត្តិផ្សេងៗ រួមមាន៖ ១. រ៉ូបូ (Robot) បាននិងកំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឲ្យមនុស្សបាត់បង់ការងារ, ២. ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា,

៣៖ វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា, ៤. ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល នឹងបង្កើនភាពងាយរងគ្រោះ ដែលបណ្តាលមកពីឧក្រិដ្ឋកម្ម ឬ បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

* សម្តេចតេជោ បានថ្លែងថា ទន្ទឹមនឹងគុណប្រយោជន៍ តែការរីកចម្រើននៃប្រព័ន្ធឌីជីថល ក៏បានបង្កនូវគុណវិបត្តិមួយចំនួនផងដែរ ដូចជាការបាត់បង់ការងាររបស់មនុស្ស និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មានផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល កំពុងពេញនិយមទូទាំងសកលលោក ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើន លើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ ៧.៥ភាគរយ ក្នុងឆ្នាំ២០១៨ តាមរយៈការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេស ដែលពឹងផ្អែកសំខាន់លើវិស័យ ឧស្សាហកម្ម និងសេវាកម្ម។ ដូច្នេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ឱ្យបានគ្រប់ជ្រុងជ្រោយកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញឱ្យមានកំណើន សេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់រយៈពេលវែង។

* សម្តេចតេជោ បានថ្លែងថា នៅដើមឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចបានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថឱ្យបង្កើតក្រុមការងាររៀបចំ ក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងចាប់យកកាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដោយផ្តោតលើទិដ្ឋភាពធំៗបីគឺ៖ ១. ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល ការរៀបចំប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិក (e-payment) និងប្រព័ន្ធឡូជីស្ទិក, ២. ការបង្កើតថ្នាលឌីជីថល (platform) និងការអភិវឌ្ឍប្រព័ន្ធធុរកិច្ចឌីជីថល (ecosystem) និង ៣. ការលើកកម្ពស់ឌីជីថលលូបនីយកម្ម-រដ្ឋាភិបាល សហគ្រិនភាព អក្ខរកម្មឌីជីថល និងទិន្នន័យបើកចំហ (Open data)។

* ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្តល់នូវប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវគំនិតផ្តួចផ្តើម និងការងារអាទិភាពមួយចំនួនដូចខាងក្រោម៖

ទី១. ការរៀបចំ និងដាក់ឱ្យអនុវត្តរដ្ឋាភិបាលឌីជីថល (Digital Government) មួយឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ៖ នេះគឺជាបុរេលក្ខខណ្ឌនៃការកសាង សេដ្ឋកិច្ចឌីជីថល ដែលម្ខាងសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវានៅតាមមូលដ្ឋាន។ ម្ខាងទៀតដើរតួជាអ្នកជំរុញ (Enabler) តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តឧបករណ៍ឌីជីថលសំខាន់ៗ ដូចជាអាស័យដ្ឋាន ឌីជីថល ហត្ថលេខាឌីជីថល អត្តសញ្ញាណប័ណ្ណឌីជីថល ដើម្បីបង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។

ទី២. ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ៖ ត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នង ដូចជាខ្សែកាបអុបទិក ខ្សែកាបអុបទិកបាតសមុទ្រ ការចែកចាយ និងការតភ្ជាប់ដល់ផ្ទះនិងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឱ្យប្រព័ន្ធអ៉ិនធើណេតមានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស។

ទី៣. ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ ឱ្យបានជាអតិបរមា៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែ ស្តេម (STEM) ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវដ្ឍ។

ទី៤. ការកសាង និងដាក់អនុវត្តនូវគោលនយោបាយបទប្បញ្ញត្តិច្បាប់ និងស្តង់ដាពាក់ព័ន្ធ៖ សុវត្ថិភាព ឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខណ្ឌ យុទ្ធសាស្ត្ររយៈពេលវែង។ កម្ពុជានឹងរៀបចំក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធិឯកជននៃទិន្នន័យ (Data Privacy) និងសន្តិសុខតាមប្រព័ន្ធអ៉ិនធើណេត (Cyber Security) ការការពារ និងរក្សាទុកព័ត៌មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់។

ទី៥. ការលើកកម្ពស់ការរៀបចំប្រព័ន្ធអេកូឡូហ្សី៖ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល ដែលជាចំណុចចាប់ផ្តើមក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន តាមរយៈការរៀបចំគោលនយោបាយគ្រប់ជ្រុងជ្រោយមួយជាកញ្ចប់ដោយគិតគូរពីបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល តាមរយៈការបង្កើតមូលនិធិសហគ្រិនភាព ដែលមានថវិកាចំនួន៥លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងអាចជួយជាធនធានហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្រុមហ៊ុនតូចៗ ដែលទើបបង្កើតឡើង (Startup)។

* សម្តេចតេជោ បានថ្លែងថា បដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាននិងកំពុងក្លាយជាកាតាលីករសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

* សម្តេចេជោ បានសម្តែងក្តីសង្ឃឹមថា សន្និសីទចក្ខុវិស័យកម្ពុជាលើកទី១៣ នឹងពិភាក្សាយ៉ាងផុសផុលអំពីកាលានុវត្តភាព បញ្ហាប្រឈមនានា និងវិធីសាស្ត្រសម្រាប់ការ ដោះស្រាយរួមគ្នា ដែលកើតចេញពីបដិវត្តឧស្សាហកម្មទី៤ ក្នុងស្មារតីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបដិសេធមិនឲ្យមានការដោះដូរដីទីតាំងវិទ្យាស្ថាន CDRI ដែលស្ថិតនៅក្នុងខណ្ឌទួលគោកនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិទ្យាស្ថាន CDRI គឺសម្តេចបានផ្តួចផ្តើមបង្កើតឡើងដោយផ្ទាល់ ដូច្នេះមិនអនុញ្ញាតឲ្យមានការដោះដូរនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះមិនមានស្តង់ដារតែមួយនោះទេ គឺមានស្តង់ដារច្រើនណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ផងដែរចំពោះបណ្តាប្រទេសលោកសេរី ដែលទទួលស្គាល់បរិបទ និងបញ្ហារបស់បណ្តាប្រទេសនានា តែហេតុអ្វីមិនទទួលស្គាល់ថា កម្ពុជាមានស្ថានភាព និងបរិបទរបស់ខ្លួនមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសនៅលើពិភពលោកនេះមានស្តង់ដាខុសៗគ្នា។ សម្តេចតេជោបន្តថាប្រទេសមួយមិនអាចបង្ខំឲ្យប្រទេសដទៃ ធ្វើតាមខ្លួនបាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថា នៅវេលាម៉ោង៨៖៤៦នាទីនាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News៕