(ព្រះសីហនុ)៖ ជនសង្ស័យជាមេក្លោងពីររូបឈ្មោះ ស៊ឹប ពន្លក និងតាំង កែន ដែលបានដឹកនាំប្រជាពលរដ្ឋកាប់រុករានដីព្រៃរបស់រដ្ឋក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ក្នុងខេត្តព្រះសីហនុ មកធ្វើជាកម្មសិទ្ធិ ត្រូវបានចៅក្រមស៊ើបអង្កេត នៃសាលាដំបូងខេត្តព្រះសីហនុ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីចំណាយពេលជាច្រើនម៉ោងក្នុងការសួរចម្លើយ។ នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដោយលោកបានគូសបញ្ជាក់ថា ក្រៅពីជនសង្ស័យពីររូបនេះ អ្នកសមគំនិត២រូបផ្សេងទៀតក៏ត្រូវបានធ្វើការចោទប្រកាន់ផងដែរ។

ជនសង្ស័យ ស៊ឹប ពន្លក និង តាំង កែង ត្រូវបានចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល ដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត នុងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិតាមបញ្ញត្តិមាត្រា៥៦ ចំណុចទី៤ និងមាត្រា ៦២ ចំណុចទី១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងបទរារាំងមន្ត្រី រដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិចុះអនុវត្តតួនាទី និងភារកិច្ច បទល្មើសពករហ្មទណ្ឌដែលមានចែង និងបញ្ញត្តិតាមមាត្រា ៥៦ ចំណុចទី៣និងមាត្រា ៦១ ចំណុចទី៧ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ប្រព្រឹត្តទៅនៅព្រែកត្របែក ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩ បន្ទាប់ពីបំពានច្បាប់ និងមិនស្តាប់ការណែនាំរបស់សមត្ថកិច្ច។

លោករដ្ឋលេខាក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅលើទីតាំងជាក់ស្ដែង ក្រុមការងារចម្រុះបានណែនាឱ្យម្ចាស់សំណង់ខ្ទមអនាធិបតេយ្យឈ្មោះ ស៊ឹប ពន្លក បញ្ឈប់សកម្មភាព និងធ្វើការរុះរើសំណង់ខុសច្បាប់នោះចេញវិញដោយខ្លួនឯង តែបុរសរូបនេះមិនព្រមសហការជាមួយនឹងក្រុមការងារចម្រុះឡើយ ហើយនៅតែបន្តផ្គើននិងធ្វើសកម្មភាពខុសច្បាប់សាងសង់សំណង់អនាធិបតេយ្យខុសច្បាប់ និងកាប់ទន្ទ្រានព្រៃខុសច្បាប់។
ក្រុមការងារចម្រុះចុះបង្ក្រាបបទល្មើសបានសម្រេចធ្វើការឃាត់ខ្លួន ជនសង្ស័យជាមេក្លោង ចំនួន០២នាក់ យកមកស្នងការនគរបាល ខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំ។

នៅថ្ងៃទី២៣ ខែមីនា នេះក្រសួងបរិស្ថានបានព្រមានចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលបាននិងកំពុងកាន់កាប់ និងលក់ដូរដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ខេត្តព្រះសីហនុ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសច្បាប់នេះ។ បើនៅតែបន្តសកម្មភាពទិញលក់ដូរដីធ្លីក្នុងឧទ្យានជាតិនេះដោយខុសច្បាប់ នឹងត្រូវប្រឈមមុខច្បាប់។ ការព្រមានរបស់ក្រសួងបរិស្ថាននេះធ្វើឡើង ខណៈមានជនខិលខូចមួយចំនួនបាននិងកំពុងប្រកាសលក់ដីពុះឡូតិ៍ថ្មីៗយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងក្នុងតំបន់ឧទ្យានជាតិរាម ដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំពាវនាវដល់សាធារណជនដែលកំពុងព្យាយាមទិញដីធ្លីនៅតំបន់ឧទ្យានជាតិរាមថា សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នព្រោះការទិញលក់ដូរដីស្ថិតក្នុងតំបន់ការពារធម្មជាតិជាទង្វើខុសច្បាប់ ហើយជនប្រព្រឹត្តល្មើសច្បាប់នឹងអាចត្រូវប្រឈមមុខច្បាប់។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឱ្យបុគ្គលណាបានឡើយ។ លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើបងប្អូនបន្តសកម្មភាពទិញដូរដីធ្លីដេលស្ថិតក្នុងតំបន់ការពារធម្មជាតិក្រោមការបោកប្រាស់របស់ជនខិលខូច នោះអាចធ្វើឱ្យបងប្អូនខាតបង់ប្រាក់ ឥតប្រយោជន៍ បើសិនអជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវឃើញថាដីធ្វើការទិញដូរនោះស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ។

លោករដ្ឋលេខាធិការបានឱ្យដឹងថា ជនល្មើសដែលទៅកាប់រុករានទ្ទ្រានដីរដ្ឋដោយខុសច្បាប់ ក៏ដូចជាទៅចាប់ដីលើកម្មសិទ្ធិឯកជននៅខេត្តព្រះសីហនុជាច្រើន ករណីបាននិងកំពុងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ រង់ចាំការជំនុំជម្រះក្តីចំពោះបទល្មើសដែលខ្លួនប្រព្រឹត្តប្រឆាំងឹងច្បាប់ ស្តីពីតំបន់ការពារតំបន់ធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ និងច្បាប់ដីធ្លី។

តំបន់រាមមានផ្ទៃដីទំហំ ១៥០០០០ហិកតាត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម)ដោយព្រះរាជក្រឹត្យនៅឆ្នាំ ១៩៩៣។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ដោយសារតែដីនៅខេត្តព្រះសីហនុមានតម្លៃថ្លៃ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចបន្តកើតមាន កន្លែងខ្លះមានការរំលោភកាន់កាប់ដីខុសច្បាប់ពីជនខិលខូចលើ ដីជាទ្រព្យសម្បត្តិរដ្ឋ និងជារបស់ឯកជនខ្លះ ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។

លោករដ្ឋលេខាធិការ បានថ្លែងថា កន្លងមកការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លី ដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាពដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា.. ជាដើមដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដីស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។

លោកបន្តថា កន្លងមកក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។ ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។

ជាមួយគ្នានេះរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការយក ពលរដ្ឋមកធ្វើជាលេសដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋជារឿងខុសច្បាប់ និងមិនត្រូវបាន អត់ឱនឱ្យឡើយ ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែល ប្រទេសកម្ពុជា មានដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ច ពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាននឹងត្រូវប្រឈមមុខច្បាប់៕