(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តាំផ្ញើដល់លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវក្តោបក្តាប់ស្ថានភាព ភូមិសាស្រ្ត គ្រប់គ្រងកម្លាំង និងស្ថានភាពប៉ុស្តិ៍ សភាពការណ៍សន្តិសុខសង្គមឲ្យបានល្អប្រសើរ ហើយបើមានហេតុការណ៍អ្វីត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយលោក ផេន សុផល អភិបាលស្រុកបាធាយ បើកកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយអនុសាសន៍ចង្អុលការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកបាធាយ។
ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានឡើងអានរបាយការណ៍បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម និងការអនុវត្តការងារនគរបាល និងសហគមន៍ របស់អធិការដ្ឋាននគរបាលស្រុកបាធាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩។
បន្ទាប់មកទៀត ជាការថ្លែង អំពីចំណាប់អារម្មណ៍លើរបាយការណ៍ បូកសរុបការងារប្រចាំត្រីមាសទី១ ពីសំណាក់លោក ផេន សុផល អភិបាល ស្រុកបាធាយ ហើយលោកក៏បានផ្តល់អនុសាសមួយចំនួន ជូនដល់កម្លាំងទាំងមូលដើម្បីយកទៅអនុវត្តន៍បន្ត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដឹកនាំកិច្ចពិភាក្សា អំពីការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល និងអំពីវិធានការបង្ការទប់ស្កាត់បទល្មើស (ព្រហ្មទណ្ឌ, គ្រឿងញៀន, ប្រឆាំងការជួញដូរមនុស្ស, ល្បែងស៊ីសង, បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងការងារអត្តសញ្ញាណកម្ម) ការអនុវត្តការងារនគរបាល និងសហគមន៍ (ការប្រើប្រាស់ទម្រង់ទាំង៤) កិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ប្រជាការពារ និងបញ្ហាប្រឈម ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងអគ្គីភ័យ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ ស្នងការ បាន ផ្តាំផ្ញើដល់លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ ត្រូវក្តោបក្តាប់ស្ថានភាព ភូមិសាស្រ្ត គ្រប់គ្រងកម្លាំង និងស្ថានភាពប៉ុស្តិ៍ សភាពការណ៍សន្តិសុខសង្គម និងកិច្ចប្រតិបត្តិការ ការគ្រប់គ្រងមុខសញ្ញា ការងារអត្តសញ្ញាណកម្ម បញ្ហាប្រឈមត្រូវធ្វើការដោះស្រាយ និងមានកិច្ចសហការល្អជាមួយថ្នាក់លើ ជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត និងបំពេញភារកិច្ច
ដែលថ្នាក់លើប្រគល់ជូនឲ្យបានសម្រេចជោគជ័យ។
សូមជម្រាបថា នៅព្រឹកមិញនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានអញ្ជើញជាអធិបតីជាមួយ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ប្រជុំបូកសរុបការងារប្រចាំត្រីមា ស ទី១ និងលើកទិសដៅអនុវត្តការងារបន្ត និងផ្សព្វផ្សាយអនុសាសន៍ចង្អុលដឹកនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរផងដែរ។
ក្នុងពិធីនេះ ក៏មាន ការអមដំណើរដោយលោកស្នងការរងទទួលដឹកនាំការងារស្រុកស្រីសន្ធរ លោក លោកស្រី នាយការិយាល័យ លោកអធិការ អធិការរងនគរបាលស្រុកស្រីសន្ធរ លោកនាយ នាយរងផ្នែក និងមន្ត្រីចំណុះអធិកា រដ្ឋានស្រុកស្រីសន្ធរទាំងអស់ លោកនាយ នាយរងប៉ុស្ដិ៍ និងមន្រ្តីប៉ុស្ដិ៍នគរបាល សរុបចំនួន១១៥ នាក់ ស្រីចំនួន ០៩ នាក់ ៕